
រដ្ឋធានីហ្សាការតា៖ អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាក់ថា មនុស្សចំនួន៦នាក់បានបាត់បង់ជីវិត និង១០៧នាក់ ត្រូវបានជួយសង្គ្រោះ ខណៈអ្នកដំណើរចំនួន១៣០នាក់ផ្សេងទៀត កំពុងតែបាត់ខ្លួន ក្រោយកប៉ាល់ចម្លងអ្នកដំណើរមួយគ្រឿង បានក្រឡាប់លិច នៅក្នុសមុទ្រជ្វា (Java Sea)។ នេះបើតាមទូរទស្សន៍របស់ចក្រភពអង់គ្លេស BBC បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា។

កប៉ាល់ដឹកអ្នកដំណើរ ដែលជួបនឹងគ្រោះអាសន្នក្រឡាប់លិចនោះ បានធ្វើដំណើរចាកចេញពីទីក្រុងកំពង់ផែស៊ូរ៉ាបាយ៉ា (Surabaya) នៃកោះជ្វា ឆ្ពោះទៅកាន់ភាគខាងត្បូង ទីក្រុងបានចាម៉ាស៊ីន (Banjarmasin) នៃតំបន់កាលីម៉ាន់តាន់ (Kalimantan) ដោយមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រ។ កប៉ាល់ដឹកអ្នកដំណើរនោះ បានក្រឡាប់លិច ខណៈកំពុងតែធ្វើដំណើរ ឆ្ពោះទៅកាន់គោលដៅ។ នៅក្នុងហេតុការណ៍ដ៏អាក្រក់នេះ បានបណ្ដាលឲ្យមនុស្សចំនួន៦នាក់បាត់បង់ជីវិត និង១០៧នាក់បានត្រូវសង្គ្រោះ ហើយចំនួន១៣០នាក់ផ្សេងទៀត កំពុងតែបន្ដបាត់ខ្លួន។

បើតាមទិន្នន័យ ពីគេហទំព័រតាមដានដែនសមុទ្រ ចំនួន២ បានឲ្យដឹងថា មានអ្នកដំណើរចំនួន២១៣នាក់ និងបុគ្គលិកនាវាចំនួន៣០នាក់ នៅលើកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿង ប្រវែង១១៩ម៉ែត្រ។ កប៉ាល់នោះ បានចាកចេញពីកំពង់ផែ Surabaya នៅវេលាម៉ោង១០ និង៣៣នាទីព្រឹក ថ្ងៃសៅរ៍ ហើយគ្រោងនឹងទៅដល់ទីក្រង Banjarmasin នៅថ្ងៃអាទិត្យ វេលាម៉ោង២រសៀល ថ្ងៃទី១៣។ ប៉ុន្ដែអាជ្ញាធរបានទទួលដំណឹងដំបូង អំពីគ្រោះអាសន្ននេះ នៅវេលាម៉ោង៤ និង១០នាទី។

នាវាជាច្រើនគ្រឿង និងឧទ្ធម្ភាគចក្រ២គ្រឿង ត្រូវបានបញ្ជូនទៅកាន់ទីតាំងកើតហេតុ ដោយមានបុគ្គលិកចំនួន២៨០នាក់ ចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។ នាវាទាំងអស់ នៅក្នុងតំបន់សមុទ្រជ្វា (Java Sea) ត្រូវបានជូនដំណឹងឱ្យរាយការណ៍ អំពីសញ្ញាណាមួយ ដែលទាក់ទងនឹងអ្នកដំណើរ។

ទីភ្នាក់ងារជួយសង្គ្រោះនៅទីក្រុង Banjarmasin បានឱ្យដឹងថា ខ្លួនទទួលបានសេចក្ដីរាយការណ៍មួយ ត្រឹមតែរយៈពេល២ម៉ោង បន្ទាប់ពីការបាត់បង់ទំនាក់ទំនងជាមួយកប៉ាល់ Virgo Transport 8 នៅវេលាម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ។

លោក ពូទូ ស៊ូដាយ៉ាណា (Putu Sudayana) ប្រធានការិយាល័យស្រាវជ្រាវ និងសង្គ្រោះ បានបញ្ជាក់ថា ក្រោយការទទួលដំណឹងបែបនេះភ្លាម កប៉ាល់សង្គ្រោះមួយគ្រឿង បានធ្វើដំណើរទៅកាន់ទីតាំងចុងក្រោយ ដែលកប៉ាល់ដឹកអ្នកដំណើរនោះបានលិច។ នៅរសៀល ថ្ងៃអាទិត្យ អាជ្ញាធរកំពុងតែដាក់ពង្រាយក្រុមការងារ ដោយមានការគាំទ្រពីនាវាចំនួន៨គ្រឿង ដោយក្នុងនោះមាននាវាកងទ័ពជើងទឹក ចំនួន៤គ្រឿង និងឧទ្ធម្ភាគចក្រចំនួន២គ្រឿង ដើម្បីរុករកអ្នកដែលកំពុងតែបាត់ខ្លួន៕





