ប្រេសិតពិសេស​អាម៉េរិក ទៅជាន់ទឹកដីរុស្ស៊ី ជំរុញឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
S
Sinuon Nop
3 ម៉ោងមុន

រដ្ឋធានីមូស្គូ៖ ក្រោយការវិលត្រឡប់មកាន់តំណែង នៅក្នុងអាណត្ដិទី២​នេះ ​ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានព្យាយាមខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន តែបានបរាជ័យ ខណៈឥឡូវលោកនៅតែមានផែនការ​បញ្ជូនប្រេសិតពិសេស ទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជំរុញឲ្យបញ្ចប់ជម្លោះ នៅក្នុងប្រទេសអឺរ៉ុបខាងកើតមួយនេះ។

បណ្ដា​សារព័ត៌មានល្បីៗររបស់ពិភពលោក រួមមាន៖ AFP, AP…ជាដើម បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ថា លោក​ Jared Kushner និងលោក Steve Witkoff គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដើម្បីស្ដារកិច្ចចរចាសន្តិភាពឡើងវិញ។ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាលើកដំបូង សម្រាប់ប្រេសិត​ទាំងពីរ នៅក្នុងការធ្វើដំណើរទៅកាន់ទីក្រុងកៀវ ​ចាប់តាំងពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានវិលត្រឡប់ មកកាន់តំណែង​ នៅក្នុងអាណត្ដិទី២ររបស់លោក។

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់​ថា លោកកំពុងតែបញ្ជូនកូនប្រសា​ររបស់លោក គឺលោក ចារ៉េដ គូស្ន័រ (Jared Kushner) និងអ្នកជំនួញលោក ស្ដេវ វីតខហ្វ (Steve Witkoff) ទៅកាន់ទីក្រុងមូស្គូ និងទីក្រុងកៀវ ​ជាមួយនឹងសំណើមួយ ដើម្បីបញ្ចប់ការឈ្លានពានទ្រង់ទ្រាយធំររបស់រុស្ស៊ី នៅក្នុងប្រទេស​អ៊ុយក្រែន។

លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រ នៅពេលត្រូវបានសួរអំពីដំណើរទស្សនកិច្ចររបស់ប្រេសិត​ទាំងពីរថា៖ «ពួកគេនឹងនាំមកជាមួយនូវសំណើមួយ ដើម្បីបញ្ចប់សង្គ្រាម»។ លោក Kushner និងលោក Witkoff ធ្លាប់បំពេញតួនាទីជាតំណាងពិសេសររបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ទាំងនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអ៊ុយក្រែន។

ប្រធានាធិបតីអាម៉េរិករូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយ អំពីផែនការដែលអាចកើតឡើង ​រួមទាំង ថាតើផែនការនោះ ពាក់ព័ន្ធនឹងការដែលអ៊ុយក្រែន ត្រូវប្រគល់ទឹកដីទៅឱ្យរុស្ស៊ីដូចអ្វីដែលលោកធ្លាប់​លើកឡើងពីមុនឬយ៉ាងណានោះដែរ។ ផ្ទុយទៅវិញ លោកប្រធានាធិបតី គ្រាន់តែបញ្ជាក់ថា៖ «យើងមានគំនិតមួយ សម្រាប់សន្តិភាព»៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត