
រាជធានីតូក្យូ៖ ថ្វីបើបច្ចុប្បន្ន ប្រទេសជប៉ុន កំពុងតែប្រឈមមុខនឹងអត្រាកំណើតធ្លាក់ចុះ និងអត្រាមនុស្សវ័យចំណាស់កើនឡើងយ៉ាងណាក្ដី ប៉ុន្ដែប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ទ្វីបអាស៊ី និងជាមហាអំណាចសេដ្ឋកិច្ចលំដាប់លេខ៤របស់ពិភពលោកមួយនេះ នៅតែប្រកាន់គោលជំហរមិនជ្រើសរើសជនបរទេសឲ្យចូលបម្រើការងារ នៅក្នុងជួរកងកម្លាំងស្វ័យការពារជាតិរបស់ខ្លួននោះឡើយ។

សារព័ត៌មានរបស់ជប៉ុន The Mainichi បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៥ ខែកញ្ញា ថា រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ (Shinjiro Koizumi) បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃសុក្រ ថា បច្ចុប្បន្ន រដ្ឋាភិបាលទីក្រុងតូក្យូ មិនមានគម្រោងជ្រើសរើសជនបរទេសឱ្យចូលបម្រើការងារ នៅក្នុងជួរកងកម្លាំងស្វ័យការពារជាតិ (SDF) នោះឡើយ។
ជាមួយនឹងការកត់សម្គាល់ថា មានតែពលរដ្ឋជប៉ុនប៉ុណ្ណោះ ទើបមានសិទ្ធិដាក់ពាក្យស្នើសុំចូលបម្រើការងារ នៅក្នុងជួរកងកម្លាំងស្វ័យការពារជប៉ុន (SDF) ប្រមុខការពារជាតិជប៉ុនរូបនេះ បានបញ្ជាក់ ថា៖ «ការធានាឱ្យបាននូវធនធានមនុស្ស គឺជាបញ្ហាប្រឈមដ៏ធំមួយ នៅក្នុងបរិបទ នៃការធ្លាក់ចុះអត្រាកំណើត និងចំនួនមនុស្សចាស់ជរាកើនឡើងខ្ពស់ ប៉ុន្តែអាទិភាពដ៏ចម្បងបំផុតរបស់យើង ត្រូវតែផ្តោតលើអ្នកដែលកំពុងតែបម្រើការងារស្រាប់។ ការកែលម្អលក្ខខណ្ឌការងារ សម្រាប់បុគ្គលិករបស់កងកម្លាំងស្វ័យការពារជប៉ុន ដែលកំពុងតែបំពេញភារកិច្ចស្រាប់ នឹងក្លាយជាអាទិភាពចម្បងរបស់លោក។

ទន្ទឹមគ្នានេះដែរ ប្រមុខការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ិហ្ស៊ូមិ បានបន្ថែម ថា លោកបានណែនាំដល់មន្ត្រីក្រសួងការពារជាតិឱ្យពិចារណាលើការត្រួតពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីរបៀបរបបធ្វើការងារ។ វិធានាការបែបនេះ មានសារៈសំខាន់ខ្លាំងណាស់ នៅក្នុងការប្រើប្រាស់បច្ចេកវិទ្យា រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាពការងារ»។




ការធ្វើអត្ថាធិប្បាយរបស់ប្រមុខការពារជាតិជប៉ុន បានកើតឡើង បន្ទាប់ពីមូលនិធិសន្តិភាពសាសាកាវ៉ា (Sasakawa Peace Foundation) បានដាក់សំណើអនុសាសន៍មួយចំនួន កាលពីថ្ងៃទី២ ខែកញ្ញា ដោយមានគោលបំណងពង្រឹងមូលដ្ឋានធនធានមនុស្ស សម្រាប់គាំទ្រដល់សមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន។ ដើម្បីដោះស្រាយបញ្ហាកង្វះខាតបុគ្គលិករបស់កងកម្លាំងស្វ័យការពារជប៉ុន បណ្តាលមកពីការធ្លាក់ចុះចំនួនប្រជាជននៅក្នុងប្រទេសនោះ មូលនិធិនេះ បានស្នើឱ្យមានការពិចារណាលើការជ្រើសរើសជនបរទេសឱ្យចូលបម្រើការងារនៅក្នុងវិស័យយោធា។ សំណើទាំងនោះ ត្រូវបានដាក់ជូនដោយផ្ទាល់ទៅជូនលោក កូអ៊ិហ្ស៊ូមិ ប្រមុខក្រសួងការពារជាតិ៕


