គោព្រៃU-២០កម្ពុជា ឈ្នះយេមែន ២-១ ទាំងដង្ហើមចង្រិត ខណៈប្រកួតបន្ទាប់ជួបក្រុមដាវសាម៉ូរ៉ៃជប៉ុន
អាន ប៊ុនរ័ត្ននៈ
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ការប្រកួតដ៏តានតឹងរវាងក្រុមគោព្រៃកម្ពុជា អាយុក្រោម២០ឆ្នាំ (U-20) ជាមួយក្រុមជម្រើសជាតិយេមែន អាយុក្រោម២០ឆ្នាំ (U-20) បានបិទបញ្ចប់ដោយលទ្ធផល កម្ពុជាឈ្នះ ២-១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីម៉ោង០៧ៈ០០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦...។

ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup qualification) សម្រាប់ពូល G ក្រុមគោព្រៃកម្ពុជា ធ្វើបានយ៉ាងល្អនៅវគ្គទី១ ទាំងការគ្រប់គ្រងបាល់ រក្សាទម្រង់ប្រកួតបានយ៉ាងល្អ និងអាចរកគ្រាប់បាល់នាំមុខដៃគូបានមុន ដោយកីឡាករ ស៊ូ ម៉េងហុង នៅនាទី១៥+ ប៉ុន្តែ នៅនាទី២៤+ កីឡាករពាក់អាវលេខ២១របស់ក្រុមជម្រើសជាតិយេមែន បានស៊ុតបញ្ចូលទីតាមស្មើក្រុមកម្ពុជាវិញ ដោយលទ្ធផល ១-១។ ក្រុមទាំងពីរ បានរក្សាលទ្ធផលនេះ ដល់បញ្ចប់ការប្រកួតវគ្គទី១។ ចូលដល់វគ្គទី២ ក្រុមគោព្រៃវ័យជំទង់កម្ពុជា បានដាក់ការគាបសង្កត់ជាខ្លាំងលើក្រុមជម្រើសជាតិយេមែន រហូតទទួលបានឱកាសបាល់ពិន័យ១១ម៉ែត្រ នៅនាទី៥៦+ និងស៊ុតបញ្ចូលទីដោយកីឡាករ ឈឿន ដាវីន ធ្វើឱ្យក្រុមកម្ពុជានាំមុខជាថ្មីម្ដងទៀត ដោយលទ្ធផល ២-១ និងបានរក្សាលទ្ធផល ២-១ នេះ រហូតដល់បញ្ចប់ការប្រកួត៩០នាទី។

ក្រុមខ្លាំងក្នុងពូល G សាម៉ូរ៉ៃជប៉ុន អាយុក្រោម២០ឆ្នាំ បានបំបាក់ក្រុមជម្រើសជាតិគុយវ៉ែត អាយុក្រោម២០ឆ្នាំ ដោយលទ្ធផល ៤-០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដូចគ្នា ពោលគឺក្រុមជប៉ុនឈរនៅលើកំពូលតារាងពូល G បណ្តោះអាសន្ន មាន៣ពិន្ទុក្នុងដៃ និងមានគ្រាប់បាល់ចំណេញ៤គ្រាប់ ខណៈក្រុមកម្ពុជា ឈរលេខរៀងទី២ មាន៣ពិន្ទុដូចគ្នា មានគ្រាបបាល់ចំណេញ១គ្រាប់។ ក្រុមលេខ៣ គុយវ៉ែត និងក្រុមបាតតារាងយេមែន មិនទាន់មានពិន្ទុរាប់ នាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះឡើយ។ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះ គឺដើម្បីរកក្រុមខ្លាំងប្រចាំកំពូលតារាង ឡើងទៅលេងនៅប្រទេសចិន ដណ្តើមពានជើងឯកពានរង្វាន់ជើងឯកអាស៊ី យុវជនអាយុក្រោម២០ឆ្នាំ ២០២៧ (2027 AFC U-20 Asian Cup)។ សម្រាប់ការប្រកួតជុំបន្ទាប់របស់ក្រុមគោព្រៃកម្ពុជា ត្រូវជួបជាមួយក្រុមដាវសាម៉ូរ៉ៃជប៉ុន នៅថ្ងៃទី៣កញ្ញាខានស្អែកនេះ និងជួបក្រុមគុយវ៉ែត នៅថ្ងៃទី៦កញ្ញា ដើម្បីបិទបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុតាមពូល។

សូមជម្រាបថា ការប្រកួតចុងក្រោយរបស់ក្រុមគោព្រៃកម្ពុជា ជាមួយក្រុមគុយវ៉ែត មិនត្រូវរាប់បញ្ចូលទៅក្នុងក្រុមលេខ២ល្អទាំង៧ក្រុម ចុងក្រោយឡើយ ដ្បិតពូល A ក្រុមហ្វីលីពីន បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ ធ្វើឱ្យការប្រកួតសន្សំពិន្ទុគ្រប់ពូលទាំងអស់ មិនរាប់បញ្ចូលពិន្ទុការប្រកួតជុំទី៣របស់ក្រុមនីមួយៗទេ ដូច្នេះ ដើម្បីក្លាយជាក្រុមលេខ២ល្អបាន ក្រុមគោព្រៃកម្ពុជា ត្រូវតែប្រកួតឈ្នះ ឬស្មើក្រុមជប៉ុន ទើបមានសង្ឃឹមឡើងទៅលេងវគ្គដណ្តើមពាន នៅប្រទេសចិនបាន។ ប៉ុន្តែទោះជាយ៉ាងណា វាមិនងាយស្រួលពេកទេ សម្រាប់ការប៉ងយកឈ្នះលើក្រុមដាវសាម៉ូរ៉ៃជប៉ុន ដែលជាក្រុមខ្លាំងប្រចាំទ្វីបអាស៊ីនោះ បើជួបត្រឹមក្រុមយេម៉ែន អត្តពលិកគោព្រៃវ័យជំទង់កម្ពុជា ម្នាក់ៗស្ទើរដង្ហើមចង្រិតទៅហើយ ចុះទម្រាំជួបអធិរាជបាត់ទាត់អាស៊ីទៀត ភាគរយត្រឹមស្មើហ្នឹង គឺនៅឆ្ងាយដូចជើងមេឃឯណោះ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត