
ក្រុងខេមរភូមិន្ទ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីជំនាញកម្ពុជា សម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ៧២ ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង...។

បើតាមក្រសួងការពារជាតិ បង្គោលព្រំដែនលេខ៧២នេះ គឺជាបង្គោលព្រំដែនដែលប្រទេសកម្ពុជា និងប្រទេសថៃ បានឯកភាពគ្នា។ ដូច្នេះ ការជូនក្រុមអ្នកសង្កេតការណ៍អាស៊ានទៅពិនិត្យនេះ មានគោលបំណងផ្ដល់ជូនអ្នកសង្កេតការណ៍នូវការយល់ដឹងស៊ីជម្រៅ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅបង្គោលព្រំដែន ដែលបានឯកភាពគ្នារវាងកម្ពុជា-ថៃ។ ជាមួយគ្នា ក៏បង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។

កម្ពុជាបន្តរំឭកជាថ្មីថា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) អនុសញ្ញា សន្ធិសញ្ញា ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលកម្ពុជា-ថៃ បានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែង៕






