អស្ចារ្យណាស់! កម្ពុជានាំយករបាំអប្សរា និងទស្សនីយភាព«ព្រៃប្រសិទ្ធ» ស្នាព្រះហស្តព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ សម្ដែងក្នុងមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំង
S
Soriya Sou
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ របាំអប្សរាខ្មែរ និងទស្សនីយភាព«ព្រៃប្រសិទ្ធ» ដែលស្នាព្រះហស្តព្រះរាជនិពន្ធរបស់ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ត្រូវបានស្ថាប័នជំនាញកម្ពុជា នាំយកទៅបង្ហាញបង្អួតភ្នែកអន្តរជាតិ ក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកញ្ញា…។

សម្ដេចធិបតី បានឱ្យដឹងថា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: សហការជាមួយសមាគមសិល្ប:ខ្មែរទេពមនោរម្យនៅប្រទេសបារាំង បាននាំយករបាំអប្សរា ចូលរួមសម្ដែងក្នុងកម្មវិធីមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម។ លើសពីនេះ ដើម្បីជាការរំឭកដល់ស្នាព្រះហស្ត និងព្រះគុណូបការ:ដ៏ធំធេងរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ក្នុងព្រះបរមនាមជាស្ថាបនិកមួយព្រះអង្គ នៃអង្គការហ្រ្វង់កូហ្វូនី ក្រុមសិល្ប:របស់កម្ពុជាបាននាំយកទស្សនីយភាព«ព្រៃប្រសិទ្ធ» ដែលស្នាព្រះហស្តព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋ សម្ដែងក្នុងពិធីនោះផងដែរ។ «ព្រៃប្រសិទ្ធ» គឺជាខ្សែភាពយន្ត និងជាបទភ្លេងព្រះរាជនិពន្ធដ៏ល្បីល្បាញរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានផលិតឡើង នៅក្នុងអំឡុងឆ្នាំ១៩៦៦-១៩៦៧។

ទស្សនីយភាព និងខ្លឹមសារសំខាន់ៗនៃស្នាព្រះហស្ថនេះ រួមមាន៖ ការបង្ហាញពីសម្បត្តិធម្មជាតិ ស្តែងឱ្យឃើញនូវភាពអស្ចារ្យ និងសម្រស់ដ៏ស្រស់ត្រកាលនៃព្រៃភ្នំ សត្វព្រៃ និងធម្មជាតិដ៏សម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជា, ផ្សារភ្ជាប់វប្បធម៌ និងជំនឿ, ជីវភាពរស់នៅរបស់ប្រជានុរាស្ដ្រ ដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅដ៏សុខសាន្ត ទំនៀមទម្លាប់ និងប្រពៃណីរបស់កសិករខ្មែរ តាមជនបទក្នុងសម័យសង្គមរាស្ត្រនិយម។ សូមជម្រាបថា កម្ពុជាត្រូវបានជ្រើសរើសជា«ប្រទេសកិត្តិយស» ក្នុងមហោស្រពភាពយន្តប្រទេសនិយាយភាសាបារាំងអង់ហ្គូលែម ឆ្នាំ២០២៦។ ការជ្រើសរើសកម្ពុជាជាប្រទេសកិត្តិយស ជាឱកាសមួយ ដើម្បីឧទ្ទិសចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលជាព្រះបិតាស្ថាបនិកមួយព្រះអង្គនៃចលនាហ្វ្រង់កូហ្វូនី និងជាឥស្សរជនដ៏សំខាន់ក្នុងវិស័យភាពយន្តកម្ពុជា។

ព្រះអង្គទ្រង់ចាត់ទុកភាពយន្តជាមធ្យោបាយដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយវប្បធម៌ អត្តសញ្ញាណជាតិ និងការពង្រឹងកិច្ចសន្ទនារវាងប្រជាជន និងប្រជាជន។ កេរដំណែលរបស់ព្រះអង្គ នៅតែបន្តរួមចំណែកបំផុសគំនិតសម្រាប់ការងើបឡើងវិញ នៃវិស័យភាពយន្តកម្ពុជា និងរួមចំណែកដល់ការរីកចម្រើន នៃវិស័យនេះ នៅលើឆាកអន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត