
រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ប្រទេសកម្ពុជានឹងមានភ្លៀងធ្លាក់ពី២០ដល់៥០ភាគរយ ជាហេតុបង្កឱ្យស្ថានភាពកម្ពស់ទឹកនៅទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាប កើនទ្បើង តែយ៉ាងណាមិនទាន់ដល់ចំណុចប្រកាសអាសន្ននោះទេ…។

មន្ត្រីក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី២២ឈ្មោះ អេតាវ និងព្យុះទី២៣ ឈ្មោះ បាងឡាង បន្តមានឥទ្ធិពលមកលើរបបខ្យល់មូសុងនិរតី បក់បោកមកលើអាងទន្លេមេគង្គ សមុទ្ទកម្ពុជា ឈូងសមុទ្ទបេងហ្គាល សមុទ្ទអាន់ដាម៉ាន់ និងសមុទ្ទចិនខាងត្បូង។ចំពោះ ស្ថានភាពនេះ ធ្វើឱ្យតំបន់មាត់សមុទ្ទនៅប្រទេសកម្ពុជា មានសីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៤អង្សាសេ មានខ្យល់បក់បោកមកពីទិសនិរតី និងទិសអាគ្នេយ៍ ក្នុងល្បឿនមធ្យម១០ម៉ែត្រក្នុងមួយវិនាទី។ ខេត្តកោះកុង ក្រុងព្រះសីហនុ កំពត កែប និងតំបន់ជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៥០ភាគរយ។

រីឯតំបន់វាលទំនាប សីតុណ្ហភាពមធ្យមអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៦អង្សាសេ ខ្យល់បក់មកពីទិសនិរតី និងទិសពាយ័ព្យ ក្នុងល្បឿន៧ម៉ែត្រក្នុងមួយវិនាទី នាំឱ្យរាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ និងកណ្តាល អាចនឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី២០ភាគរយ។ ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពមធ្យមអប្បបរមា២៤អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា៣៥អង្សាសេ។ ខ្យល់បក់មកពីទិសនិរតី និងទិសបស្ចិម ល្បឿន៨ម៉ែត្រក្នុងមួយវិនាទី បង្កឱ្យខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី៤០ភាគរយ។

ស្របគ្នានេះដែរ ក្រសួងធនធានទឹក ក៏បានចេញព្រឹត្តិបត្រព័ត៌មានបង្ហាញថា ចាប់ពីថ្ងៃទី១កញ្ញានេះ ដល់ថ្ងៃទី៤ ខែកញ្ញា ទន្លេមេគង្គ-ស្ទឹងត្រែង ទឹកទ្បើងដល់កម្ពស់ ៩,៣៥ម៉ែត្រ, ទន្លេមេគង្គ-ក្រចេះ ទឹកកើនឡើងដល់កម្ពស់២០,០៤ម៉ែត្រ, ទន្លេមេគង្គ-កំពង់ចាម ទឹកកើនទ្បើងដល់កម្ពស់១២,៧៣ម៉ែត្រ, ទន្លេមេគង្គ-អ្នកលឿង ទឹកកើនឡើងដល់កម្ពស់៥,៦២ម៉ែត្រ, ទន្លេបាសាក់-ចតុម្មុខ ទឹកកើនឡើងដល់កម្ពស់៧,៩៧ម៉ែត្រ, ទន្លេបាសាក់-កោះខែល ទឹកកើនទ្បើងដល់កម្ពស់៦,៩៣ម៉ែត្រ, និងទន្លេសាប-ព្រែកក្តាម ទឹកកើនឡើងដល់កម្ពស់៦,៧៦ម៉ែត្រ៕





