សមត្ថកិច្ចឆ្មក់បង្ក្រាបផ្ទះវីឡានៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្សជិត៤០នាក់ពាក់ព័ន្ធបទល្មើសឆបោកតាមអនឡាញ
ហាក់ អ៊ីឌី
2 ម៉ោងមុន

ក្រុងព្រះសីហនុ៖ មនុស្សប្រុសស្រីជិត៤០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធការលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអេឡិចត្រូនិក (Online Scam) ក្នុងផ្ទះវិឡាមួយស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ...។ 

យោងតាមរបាយការណ៍ពីសមត្ថកិច្ចនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្ត បានចុះធ្វើរដ្ឋបាលត្រួតពិនិត្យទីតាំងផ្ទះវីឡាមួយកន្លែងនោះ រកឃើញសម្ភារ និងវត្ថុតាងជាឧបករណ៍អេឡិចត្រូនិចជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងរកឃើញជនបរទេសស្នាក់នៅគ្មានលិខិតឆ្លងដែនត្រឹមត្រូវមួយសំបុកធំផងដែរ។ 

ជាលទ្ធផល កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការឃាត់ខ្លួនជនជាតិខ្មែរ ចិន នឹងភូមា សរុបចំនួន៣៧នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន៖ កុំព្យូទ័រ All-In-One ទូរសព្ទដៃចំនួនជាង១០០គ្រឿង រួមទាំងរថយន្តមួយគ្រឿងផងដែរ។ បច្ចុប្បន្ន ជនសង្ស័យទាំង ៣៧នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្តនីតិវិធីសាកសួរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត