នាយករដ្ឋមន្ត្រីនេប៉ាល់ថ្មី ប្តេជ្ញាធ្វើតាមការទាមទាររបស់បាតុករ ដើម្បីបញ្ចប់អំពើពុករលួយ
N
Nary Vann
14 កញ្ញា 2025 10:00 AM

រដ្ឋធានីកដ្ឋមណ្ឌូ៖ មេដឹកនាំថ្មីនៃប្រទេសនេប៉ាល់ បានប្តេជ្ញាថា នឹងធ្វើតាមការទាមទាររបស់អ្នកតវ៉ា ដើម្បីបញ្ចប់អំពើពុករលួយ ក្រោយចាប់ផ្តើមការងារជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។

លោកស្រី ស៊ូស៊ីឡា កាគី
លោកស្រី ស៊ូស៊ីឡា កាគី

លោកស្រី ស៊ូស៊ីឡា កាគី បានថ្លែងជាសារជាសាធារណៈលើដំបូងរបស់ខ្លួន ចាប់តាំងពីចូលកាន់តំណែងថា៖«យើងត្រូវធ្វើការតាមគំនិតរបស់មនុស្សជំនាន់ជេនស៊ី (Gen Z)»។ លោក​ស្រី​បាន​បន្ថែម​ថា៖«អ្វី​ដែល​ពួកគេ​ទាមទារ​ នោះគឺ​ការ​បញ្ចប់​អំពើ​ពុក​រលួយ អភិបាលកិច្ច​ល្អ និង​សមភាព​សេដ្ឋកិច្ច។ យើងទាំងអស់គ្នា ត្រូវតែតាំងចិត្តដើម្បីបំពេញកិច្ចការទាំងនេះ»។ អតីតប្រធានតុលាការកំពូលវ័យអាយុ៧៣ឆ្នាំរូបនេះ បានរក្សាភាពស្ងៀមស្ងាត់មួយនាទី ដើម្បីឧទ្ទិសដល់អ្នកដែលត្រូវបានសម្លាប់នៅក្នុងភាពចលាចល មុនពេលកិច្ចប្រជុំបានចាប់ផ្តើមនៅក្នុងអគាររដ្ឋាភិបាល Singha Durbar ជាកន្លែងដែលអគារជាច្រើនត្រូវបានដុតបំផ្លាញ ក្នុងអំឡុងការតវ៉ាដ៏ធំនៅដើមខែកញ្ញានេះ។

អគ្គលេខាធិការរដ្ឋាភិបាល លោក Eaknarayan Aryal បានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់៧០នាក់បានស្លាប់នៅក្នុងការតវ៉ារយៈពេលពីរថ្ងៃ ខណៈជិត២០០នាក់បានរងរបួស។ វា​ជា​ចលាចល​ដ៏​អាក្រក់​បំផុត​ចាប់​តាំង​ពី​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​រយៈពេល​មួយ​ទសវត្សរ៍ និង​ការ​លុបបំបាត់​របបរាជានិយម​ក្នុង​ឆ្នាំ២០០៨។ ភ្លាមៗបន្ទាប់ពីលោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីស្តីទី សភាក៏ត្រូវបានរំលាយចោល ហើយការបោះឆ្នោតថ្មីត្រូវបានកំណត់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦។ លោកស្រី កាគី បានបន្ថែមថា៖«យើងនឹងមិនក្តាប់តំណែងលើសពី៦ខែនោះឡើយ ហើយយើងនឹងបំពេញរាល់តួនាទីរបស់យើង និងសន្យាប្រគល់តំណែងទៅឱ្យសភា»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត