
រដ្ឋធានីកដ្ឋមណ្ឌូ៖ ការតវ៉ាដ៏សាហាវបំផុតរបស់ប្រទេសនេប៉ាល់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍បានជះឥទ្ធិពលយ៉ាងខ្លាំងដល់រដូវកាលទេសចរណ៍របស់ខ្លួន បណ្ដាលឱ្យមានការប៉ះទង្គិចធ្ងន់ធ្ងរដល់អាជីវកម្មដែលផ្គត់ផ្គង់ដល់អ្នកដើរលេងទូទាំងពិភពលោក...។

តំបន់ទេសចរណ៍ដូចជា Thamel នៃរដ្ឋធានីកដ្ឋមណ្ឌូ បានជួបប្រទះការថយចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរ បន្ទាប់ពីបាតុកម្មប្រឆាំងអំពើពុករលួយដ៏ឃោរឃៅ ដែលនាំឱ្យមនុស្សស្លាប់ចំនួន៧២នាក់ របួសជាង២០០០នាក់ និងការលាលែងពីតំណែងរបស់អតីតនាយករដ្ឋមន្ត្រី ខេភី សាម៉ា អូលី។ អាជ្ញាធរទេសចរណ៍ ម្ចាស់សណ្ឋាគារ និងអ្នករៀបចំដំណើរកម្សាន្តបានរាយការណ៍ពីការថយចុះចំនួន៣០ភាគរយនៃចំនួនភ្ញៀវទេសចរ បើធៀបទៅនឹងឆ្នាំមុន ខណៈការកក់ជាច្រើនត្រូវបានលុបចោល ដែលរំខានដល់ប្រតិបត្តិការរបស់ពួកគេ។

រូបភាពនៃការដុតបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមទាំងសភា និងសណ្ឋាគារ បានជំរុញឱ្យប្រទេសបរទេសមួយចំនួនចេញសេចក្តីណែនាំឱ្យពលរដ្ឋពួកគេជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ទៅកាន់ប្រទេសនេប៉ាល់។ វិស័យទេសចរណ៍ដែលរួមចំណែកប្រមាណ៨ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេប៉ាល់ និងជាធម្មតាទាក់ទាញភ្ញៀវទេសចរប្រចាំឆ្នាំចំនួន១,២លាននាក់ មានភាពងាយរងគ្រោះ ជាពិសេសក្នុងអំឡុងរដូវកាលកំពូលនៃខែកញ្ញាដល់ខែធ្នូ។ យ៉ាងណា ទោះបីជាមានបញ្ហាប្រឈមទាំងនេះក៏ដោយ ក៏ភ្ញៀវទេសចរបរទេសមួយចំនួនដែលបន្តស្នាក់នៅក្នុងប្រទេសនេប៉ាល់ក្នុងអំឡុងពេលតវ៉ាបានរាយការណ៍ថា ពួកគេមានអារម្មណ៍សុវត្ថិភាព៕


