
រាជធានីភ្នំពេញ៖ និយ័តករទូរគមនាគមន៍កម្ពុជាដែលហៅកាត់ថា ន.ទ.ក. នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បានចេញសេចក្តីណែនាំ ស្តីពីការកំណត់រយៈពេល ការបន្តបើកដំណើរការ រក្សាទុកលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពទឹកប្រាក់ក្នុងគណនីគោល និងលក្ខខណ្ឌនៃការកំណត់សុពលភាពទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ ឱ្យប្រតិបត្តិករផ្ដល់សេវាទូរសព្ទអនុវត្តតាមមុននឹងកាត់ផ្តាច់...។

ផ្អែកតាមលិខិតរបស់ និយ័តករទូរគមនាគមន៍កម្ពុជាបានឱ្យដឹងថា ដោយសង្កេតឃើញនិងទទួលបានការតវ៉ា ពីសំណាក់ អ្នកប្រើប្រាស់ទូរសព្ទចល័តជាច្រើនពាក់ព័ន្ធ ករណីលេខទូរសព្ទរបស់ខ្លួនត្រូវបានដកហូតយកទៅលក់ឱ្យអ្នកប្រើប្រាស់ផ្សេងទៀត ដោយសារតែមិនមានទឹកប្រាក់ក្នុងគណនីគោល ព្រមទាំងការជូនដំណឹងនៃការកាត់ផ្តាច់ដកហូតលេខទូរសព្ទមានរយៈពេលខ្លីពេក ធ្វើពួកគាត់ពុំអាចទទួលយកបាន។ ម៉្យាងវិញទៀត ពលរដ្ឋក៏បានត្អូញត្អែរចំពោះការខាតបង់ទឹកប្រាក់ក្នុងគណនីនៅពេលផុតសុពលភាពប្រើប្រាស់ ហើយបញ្ចូលប្រាក់សាជាថ្មី ប៉ុន្តែពុំមានការបូកយោងបន្តទឹកប្រាក់ក្នុងគណនីគោលវិញនោះឡើយ។ ដូច្នេះនិយ័តករទូរគមនាគមន៍កម្ពុជា បានណែនាំដល់ប្រតិបត្តិករផ្ដល់សេវាទូរសព្ទចល័តទាំងអស់ត្រូវកំណត់ រយៈពេលនៃការបន្តបើកដំណើរការលេខទូរសព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយពេលផុតសុពលភាពទឹកប្រាក់ក្នុងគណនីដោយបែងចែកជាបីដំណាក់កាល។

ដំណាលកាលទាំងបីនោះរួមមាន ទី១ត្រូវកំណត់រយៈពេល ៦០ថ្ងៃ សម្រាប់ផ្អាកជាបណ្តោះអាសន្ននូវ ការហៅទូរសព្ទចេញ ការផ្ញើសារខ្លី ចេញនិងការប្រើប្រាស់ទិន្នន័យ ទី២ត្រូវកំណត់រយៈពេល៣០ថ្ងៃ សម្រាប់ផ្អាកជាបណ្ដោះអាសន្ននូវ ការហៅទូរសព្ទចេញនិងចូល ការផ្ញើសារខ្លី ចេញ-ចូល និងការប្រើប្រាស់ទិន្នន័យ។ ន.ទ.ក ក៏បានបញ្ជាក់ដែរថាចំពោះការផ្អាកក្នុងដំណាក់កាលទាំងពីរនេះអ្នកប្រើប្រាស់អាចហៅទូរសព្ទចេញទៅកាន់លេខសង្គ្រោះបន្ទាន់១១៧(នគរបាល) ១១៨(រថយន្តពន្លត់អគ្គីភ័យ) និង១១៩(រថយន្តសង្គ្រោះបន្ទាន់)បានដោយឥតគិតថ្លៃ។ រីឯដំណាក់កាលទី៣ ត្រូវបញ្ឈប់ដំណើរការ និងបន្តរក្សាទុកលេខទូរសព្ទចរបស់អ្នកប្រើប្រាស់ក្នុងរយៈពេល៩០ថ្ងៃ ដោយក្នុងរយៈពេលនេះម្ចាស់លេខទូរសព្ទអាចស្នើសុំបើកដំណើរការសាជាថ្មី នូវលេខទូរសព្ទដែលត្រូវបានបញ្ឈប់ដំណើរការ។

គួរបញ្ជាក់ថា បន្ទាប់ពីផុតដំណាក់កាលទាំងបីខាងលើហើយ ប្រតិបត្តិករផ្ដល់សេវាទូរសព្ទ អាចដកហូតលេខទូរសព្ទ ដែលពុំមានការប្រើប្រាស់នោះបាន ព្រមទាំងអាច ដាក់លក់សាជាថ្មីឡើងវិញ។ ប៉ុន្តែប្រតិបត្តិករផ្ដល់សេវា ត្រូវមានកាតព្វកិច្ចរក្សាទុកកំណត់ត្រានៃអត្តសញ្ញាណ របស់គ្រប់អ្នកចុះឈ្មោះប្រើប្រាស់ទូរសព្ទចល័ត ទាំងអ្នកចាស់ និងអ្នកថ្មី ព្រមទាំងត្រូវកំណត់លក្ខខណ្ឌពាក់ព័ន្ធនឹងការណែនាំឱ្យបានច្បាស់លាស់ក្នុងកិច្ចសន្យាជាវសេវា។ ត្រូវកំណត់លក្ខខណ្ឌឱ្យមានការបូកកយោងបន្តសុពលភាព នៃគណនីគោលនៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់ ដោយគិតចាប់ពីសុពលភាពចុងក្រោយនៃទឹកប្រាក់ក្នុងគណនីគោលផងដែរ៕





