
ក្រុងក្រចេះ៖ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើមន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងអចល័ត និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ដើម្បីចូលរួមទប់ស្កាត់ការបំផ្លាញផ្លូវថ្នល់…។

លោករដ្ឋលេខាធិការស្នើបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ លិខិតបទដ្ឋានគតិយុត្ត និងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦។ លោកគូសបញ្ជាក់ថា ចំពោះម្ចាស់អាជីវកម្មដឹកជញ្ជូន និងម្ចាស់រថយន្តធុនធ្ងន់ទាំងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ព្រោះការបន្តបំពានច្បាប់ មិនត្រឹមតែបង្កការខូចខាតដល់ផ្លូវជាតិ និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈប៉ុណ្ណោះទេ លើសពីនេះ អាចប្រឈមនឹងវិធានការច្បាប់ និងការផាកពិន័យដែលបណ្តាលឱ្យមានការខាតបង់ថវិកាយ៉ាងច្រើន ដល់ម្ចាស់អាជីវកម្ម និងម្ចាស់យានយន្ត។

គួរជ្រាបថា ក្រៅពីការស្នើរបស់លោករដ្ឋលេខាធិការ ក៏មានការធ្វើបទបង្ហាញ និងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដែលក្រសួងចាប់ផ្តើមអនុវត្ត ព្រមទាំងលើកយកប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការបែងចែក និងកំណត់ប្រភេទរថយន្ត ការកំណត់ស្តង់ដារទម្ងន់សម្រាប់ការដឹកជញ្ជូន នីតិវិធីអនុវត្តច្បាប់ និងការផាកពិន័យចំពោះការប្រព្រឹត្តបទល្មើស។ ក្រុមគោលដៅដែលត្រូវបានផ្សព្វផ្សាយ និងណែនាំ រួមមាន មន្ត្រីជំនាញ ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូន ដើម្បីឱ្យអ្នកពាក់ព័ន្ធទាំងអស់ យល់ច្បាស់ពីបទប្បញ្ញត្តិច្បាប់ និងចៀសវាងការប្រព្រឹត្តល្មើស ដែលអាចបង្កផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕ រាយការណ៍ដោយ៖ សារី ណែត



