បាល់ទាត់៖ ពន្លឺសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័តនៃពានរង្វាន់ AFC Challenge League 2024-2025 សម្រាប់ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជាកំពុងបញ្ចេញរស្មីយ៉ាងចិញ្ចាចចិញ្ចែង ក្រោយបំបាក់អំណួតក្រុមចម្បាំង Shan United របស់មីយ៉ាន់ម៉ាក្នុងរបងផ្ទះដោយលទ្ធផល៦ទល់នឹង២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីពេលថ្មីៗ។ យ៉ាងណា មុខព្រះខ័នកម្ពុជាបានសំលៀងរួចជាស្រេចដើម្បីប្រយុទ្ធជាមួយក្រុមចម្បាំង Shan United ក្នុងជំនួបជើងទី២ លើសមរភូមិវាលស្មៅនៅប្រទេសភូមា នាល្ងាចថ្ងៃព្រហស្បតិ៍ទី១៣មីនានេះ...។

មិនធម្មតាទេ! ក្រុមព្រះខ័នរាជស្វាយរៀងរបស់កម្ពុជា បានឡើងទៅវគ្គ៨ក្រុមចុងក្រោយរួចទៅហើយនៃពានរង្វាន់ AFC Challenge League 2024-2025។ គេនៅចាំបានថា អ្នកគាំទ្របានគ្រវីទង់ជាតិតំណាងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងពេញពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងការស្រែកហោរអបអរសាទរពេញពហុកីឡដ្ឋាន ក្រោយក្រុមព្រះខ័នកម្ពុជាបានកាប់ និងចាក់ទម្លុះក្រុមចម្បាំងស្បែកស្វិត Shan United ដោយលទ្ធផល៦ទល់នឹង២កាលពីជំនួបជើងទី១។ ជាមួយនឹងការស៊ុតទម្លុះសំណាញ់ទីជាច្រើនគ្រាប់ផ្ទួនៗគ្នារបស់ក្រុមព្រះខ័នរាជស្វាយរៀង លើក្រុមខ្លាំងភូមា Shan United ត្រឹមជំនួបជើងទី១បែបនេះ ធ្វើឱ្យក្ដីសង្ឃឹមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ក្រុមខ្លាំងកម្ពុជាមួយនេះ កាន់តែមានសង្ឃឹមកើនឡើងមួយកម្រិតទៀត។

គួបញ្ជាក់ថា ក្នុងជំនួបជើងទី២ រវាងក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមខ្លាំង shan United នៅល្ងាចនេះ នឹងកាត់សេចក្ដីថា តើក្រុមណាជាអ្នកខ្លាំងពិតប្រាកដក្នុងការកក់កៅអីឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ..? ព្រះខ័នរាជស្វាយរៀងកម្ពុជា ហាក់មានភាគខ្ពស់រួចទៅហើយ ដើម្បីបំបែកពងមាន់កំណត់ត្រាប្រវត្តិសាស្ត្រថ្មី។ ជុំវិញជំនួបល្ងាចនេះ អ្នកគាំទ្រជាច្រើនបង្ហាញពីភាពសាទរជាខ្លាំងចំពោះក្រុមព្រះខ័នរាជស្វាយរៀង ខណៈអ្នកខ្លះបង្ហាញសារជូនពរព្រោងព្រាត។ ទន្ទឹមនឹងនោះ អ្នកគាំទ្រមួយចំនួនបញ្ជាក់បែបផ្លែផ្កាថា ក្រុមអ្នកចម្បាំង Shan United មិនមែនជាបន្លា ឬឧបសគ្គក្នុងកែវភ្នែកផ្លែដាវដ៏មុតស្រួចរបស់ក្រុមព្រះខ័នរាជស្វាយរៀងនោះទេ..។ ចំណែកអ្នកគាំទ្រខ្លះទៀតបានចំអន់លេងថា កុំលេងដាវប្រយ័ត្នមុតដៃ[Shan United] ស្របពេលអ្នកខ្លះថា កម្ពុជាកក់កៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចហើយ ក្រោយយកឈ្នះ Shan United ក្នុងលទ្ធផល៦ទល់២ កាលពីជើងទី១។ ទន្ទឹមនឹងការប្រកួតនេះគ្រាន់ជាស៊ីរ៉ែនព្រមានទៅបណ្តាក្រុមផ្សេងទៀតតែប៉ុណ្ណោះ។

តើលោកអ្នកដឹងទេ...? AFC Challenge League គឺជាការប្រកួតបាល់ទាត់ក្លឹបទ្វីបលំដាប់ទី៣ ដែលបានរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់អាស៊ី និងបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍបាល់ទាត់ក្នុងតំបន់អាស៊ីឱ្យឈានឡើងដូចតំបន់អឺរ៉ុប ខណៈពានរង្វាន់នេះពីមុនត្រូវបានគេស្គាល់ថា AFC President's Cup៕





