ចាប់បានបេក្ខជនម្នាក់ យកវ៉ែនតាវៃឆ្លាត និងទូរសព្ទ ចូលបន្ទប់ប្រឡងនៅខេត្តស្វាយរៀង
អុន សម្ផស្ស
មួយម៉ោងមុន

ខេត្តស្វាយរៀង៖ ក្នុងអំឡុងពេលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានបេក្ខជនម្នាក់ បាននាំយកវ៉ែនតាវៃឆ្លាត និងទូរសព្ទវៃឆ្លាតចូលទៅក្នុងបន្ទប់ប្រឡង នៅមណ្ឌលសាលាបឋមសិក្សា២ធ្នូ ខេត្តស្វាយរៀង...។ 

ក្រសួងអប់រំ ប្រកាសព័ត៌មានថា ករណីនេះត្រូវបានរកឃើញនៅម៉ោងទី២នៃដំណើរការសំណេរ នាពេលរសៀលថ្ងៃដំបូងនេះ។ ក្រសួងបន្តថា បេក្ខជនត្រូវបានកត់ត្រាក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក ដែលបេក្ខជនបាននាំចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក។ ក្រសួងសង្ក់ធ្ងន់ថា នឹងចាត់វិធានការចំពោះករណីនេះតាមគោលការណ៍ជាធរមាន ក្នុងពេលជាមួយគ្នា ក្រសួង រំលឹកដល់បេក្ខជនប្រឡងគ្រប់រូប ក្នុងការគោរពតាមការណែនាំផ្សេងៗទាក់ទងនឹងការហាមឃាត់មិនឱ្យនាំចូលឧបករណ៍អេឡិកត្រូនិកចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ឱ្យបានខ្ជាប់ខ្ជួន។

រូបភាពតំណាង
រូបភាពតំណាង

គួរជ្រាបថា រាល់បេក្ខជន មិនត្រូវលាក់ទុកជាប់នឹងខ្លួន ឬនាំចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ចំពោះសម្ភារទាំងនេះ រួមមាន៖ ទូរសព្ទដៃ នាឡិកាឆ្លាតវៃ វ៉ែនតាឆ្លាតវៃ ឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទ ព្រមទាំងសំណៅឯកសារផ្សេងៗ។ កន្លងទៅក្រសួងអប់រំ ធ្លាប់ព្រមានថា បេក្ខជនដែលប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងវិន័យនៃការប្រឡង នឹងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត