អាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនជនជាតិចិន១២នាក់ទៅតុលាការ ពាក់ព័ន្ធករណីបង្កើតមជ្ឈមណ្ឌលឆបោកអនឡាញ
ហាក់ អ៊ីឌី
មួយម៉ោងមុន

ខេត្តព្រះសីហនុ៖ កម្លាំងកងរាជអាវុធហត្ថ បានបញ្ជូនជនសង្ស័យជាជនជាតិចិនប្រុសស្រីចំនួន១២នាក់ (ស្រី២នាក់) ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីស្រាវជ្រាវរកឃើញថា ពួកគេមានការរៀបចំ និងប្រតិបត្តិការទីតាំងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Online Scams)។

យោងតាមប្រភពព័ត៌មានពីមន្ត្រីអនុវត្តច្បាប់ បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងកំណត់មុខសញ្ញាទីតាំងសង្ស័យមួយកន្លែង ដែលត្រូវបានគេប្រើប្រាស់ជាមូលដ្ឋានប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងប្រតិបត្តិការនេះ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន១២នាក់ ព្រមទាំងដកហូតវត្ថុតាង និងឧបករណ៍បច្ចេកវិទ្យាមួយចំនួនដែលបម្រើឱ្យសកម្មភាពល្មើសច្បាប់។

ជាមួយគ្នា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ដព្រះសីហនុ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនសង្ស័យទាំង១២នាក់ជាបណ្ដោះអាសន្ន ពីបទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានស្ថានទម្ងន់ទោស ដោយមានការរៀបចំជាក្រុមដែលមានការចាត់តាំង និងការដឹកនាំមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត