ព្យុះចំនួន៣ ផ្គុំឥទ្ធិពលគ្នា ធ្វើឱ្យមានភ្លៀងធ្លាក់ច្រើននៅកម្ពុជា
S
Sreyleak Yith
3 ម៉ោងមុន

រាជធានីភ្នំពេញ៖ ពេលនេះ សម្ពាធទាបកើតមាននៅមហាសមុទ្ទប៉ាស៊ីហ្វិកខាងលិច បានវិវត្តទៅជាព្យុះទី១៦ឈ្មោះភីលូ រួមជាមួយព្យុះសង្ឃរាទី១៣ឈ្មោះ ដូលហ្វីន និងព្យុះទី១៥ឈ្មោះចាន់ហម បង្កឱ្យមានឥទ្ធិពលរួមគ្នាមកលើកម្ពុជា ហើយធ្វើឱ្យធាតុអាកាសនៅកម្ពុជាមានភ្លៀងធ្លាក់លាយទ្បំខ្យល់កន្ត្រាក់ផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដីពី៥០ដល់៧០ភាគរយ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦។

ក្រសួងធនធានទឹក អះអាងថា តំបន់មាត់សមុទ្ទ មានដូចជា ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៦០ភាគរយ។ រលកសមុទ្ទបោកបក់ខ្លាំង មានកម្ពស់មធ្យមអប្បបរមា កន្លះម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។ រីឯ តំបន់វាលទំនាប មានដូចជារាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ និងខេត្តស្វាយរៀង អាចមានភ្លៀងធ្លាក់លាយទ្បំផ្គររន្ទះ ខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។

ចំណែកតំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ ខ្យល់កន្ត្រាក់ ផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី៧០ភាគរយ។ ដូច្នេះក្រសួងអំនាវពាវដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិនេះ។ ក្រសួង នឹងបន្តតាមដានធាតុអាកាស បើមានអ្វីប្រែប្រួលនឹងជម្រាបជូនដល់សារធារណជនឱ្យបានដឹង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត