លោក ស៊ី ជីនពីង ជូនសារមកសម្តេចតេជោថា ត្រៀមខ្លួនរួចរាល់ក្នុងការទាក់ទងជាយុទ្ធសាស្រ្តជាមួយគ្នា ដែលនឹងធ្វើឱ្យការជឿទុកចិត្តផ្នែកនយោបាយកាន់តែស៊ីជម្រៅ
S
Sreyleak Yith
4 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្ញើលិខិតក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនទៅលោក ស៊ី ជីនពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៥ នៃការបង្កើតបក្សកុម្មុយនីស្តមួយនេះ។ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក៏បានផ្ញើលិខិតអរគុណជូនមកសម្តេចតេជោវិញ។ លិខិតរបស់លោក ស៊ី ជីនពីង ចុះកាលបរិច្ឆេទថ្ងៃទី២៩ ខែកក្កដា តែទើបត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦។

លោក ស៊ី ជីនពីង បញ្ជាក់ថា មិត្តភាពដែកថែបរវាងប្រទេសចិន និងប្រទេសកម្ពុជា បានតស៊ូយ៉ាងរឹងមាំដូចសិលា ដែលអាចទប់ទល់នឹងវិញ្ញាសានៃការប្រែប្រួលស្ថានការណ៍អន្តរជាតិ និងកាន់តែរីកចម្រើនខ្លាំងក្លាឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោក ស៊ី រម្លឹកថា ថ្មីៗនេះ សម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ដែលក្នុងអំឡុងពេលនោះ បានសម្រេចនូវការឯកភាពដ៏សំខាន់ក្នុងការជំរុញទំនាក់ទំនងចិន-កម្ពុជា និងការកសាងសហគមន៍ជោគវាសនារួម។

លោកប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនីស្តចិន សង្កត់ធ្ងន់ថា ក្នុងកាលៈទេសៈថ្មីៗនេះ លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រជាមួយសម្តេចតេជោ ដើម្បីធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញទៅមកខាងផ្នែកនយោបាយ ជំរុញការផ្លាស់ប្តូររវាងគណបក្ស និងគណបក្ស ចែករំលែកបទពិសោធពីអភិបាលកិច្ច ជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនាំមកនូវផលប្រយោជន៍កាន់តែធំធេងសម្រាប់ប្រជាជននៃប្រទេសទាំង២៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត