អង្គភាពប្រឆាំងអំពើពុករលួយ ធ្វើកំណត់ហេតុពិសេសលើករណីគណៈកម្មការប្រឡងបាក់ឌុប៣នាក់ លួចពាក់នាឡិកាឆ្លាតវៃ
អុន សម្ផស្ស
5 ម៉ោងមុន

ខេត្តសៀមរាប៖ ដំណើរការឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខណៈទាំងរដ្ឋមន្ត្រីអប់រំ និងអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ប្តេជ្ញាអនុវត្តយ៉ាងតឹងរ៉ឹងទៅតាមបទប្បញ្ញត្តិ និងវិធានការដែលបានកំណត់ ដើម្បីធានាថាការប្រឡងប្រព្រឹត្ត​ដោយ​សុក្រិតភាពអ្នកចេះគឺជាប់​។ ជាក់ស្តែងនៅព្រឹកថ្ងៃដំបូងនៃដំណើរការសំណេរ ACU បានសម្រេចធ្វើកំណត់ហេតុពិសេសចំពោះករណីសមាជិកគណៈកម្មការប្រឡងចំនួន ៣នាក់ ក្រោយរកឃើញថា បានពាក់នាឡិកាឆ្លាតវៃ (Smart Watch) ក្នុងពេលកំពុងដំណើរការប្រឡង...។

អង្គភាពប្រឆាំងអំពើពុករលួយប្រកាសលើបណ្តាញសង្គមភ្លាមៗក្រោយរកឃើញដោយបញ្ជាក់ថា ក្នុងចំណោមអ្នកពាក់នាឡិកាឆ្លាតវៃទាំង ៣នាក់នេះ មានសមាជិកគណៈកម្មការកណ្ដាលចំនួន២នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន សៀមរាប និងសមាជិកគណៈកម្មការត្រួតពិនិត្យអគារចំនួន ១នាក់ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន វត្តស្វាយត្បូង ស្ថិតនៅខេត្តសៀមរាប។ ACU ហៅសកម្មភាពរបស់ខ្លួននេះថា«ការអនុវត្តបទប្បញ្ញត្តិប្រឡងត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹង»។  

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបើកហឹបវិញ្ញាសា នៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ លោក ហង់ជួន ណារ៉ុន រដ្ឋក្រសួងអប់រំ ព្រមានចាត់វិធានការចំពោះករណីណាដែលរំលោភលើបទបញ្ញត្តិរបស់ក្រសួងហាមឃាត់ទាំង ក្នុងដំណាក់កាលសំណេរ កំណែ និងដំណើរការស្រង់បូកពិន្ទុ។​ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា«[ក្រសួង]ហាមឃាត់មិនឱ្យយកប្រធានវិញ្ញាសា​ចេញពីបន្ទប់ប្រឡង ហើយមិនឱ្យថត មិនឱ្យបង្ហោះ ដើម្បីធានាការជឿទុកចិត្ត ហើយដើម្បីធានាថាមិនឱ្យមានភាពរញ៉េរញ៉ៃ»

លោកបន្ថែមថា ក្នុងករណីបុគ្គលណាដែលប្រព្រឹត្តល្មើសនឹងការហាមឃាត់ខាងលើ លោក បានព្រមានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះមុខច្បាប់ ដោយគ្មានលើកលែងនោះឡើយ។ ហាក់មិនខុសគ្នា លោក ឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ថ្លែងក្នុងក្នុងសន្និសីទសារព័ត៌មានថា ACU នៅ​តែ​ប្រកាន់​គោល​ការណ៍​តឹ​ង​រ៉ឹង ​ម៉ឺងម៉ាត់​ នៅគ្រប់ដំណាក់កាលនៃការប្រឡង។ ជាក់ស្តែងក្នុង​ឆ្នាំ​នេះមាន​អ្នក​សង្កេត​ការណ៍​ជាង៤ម៉ឺននាក់ និងមន្ត្រី ACU ជាង៦០០នាក់​ ត្រូវបានដាក់ពង្រាយ​នៅ​តាម​មណ្ឌល​ប្រឡងទូទាំងប្រទេស។ 

របាយការណ៍បឋមពីក្រសួងអប់រំ ព្រឹកថ្ងៃទីដំបូងនៃដំណើរការប្រឡងនេះ មានបេក្ខជនអវត្តមានជាង ១ពាន់២រយនាក់ ស្មើនឹង០,៨៥ភាគរយ។ ក្នុងនោះបេក្ខជនដែលមានបញ្ហាសុខភាព ៩៦នាក់, បោះបង់ការប្រឡងចំនួន១១នាក់, បេក្ខជនប្រឡងដាច់ដោយឡែក២៤នាក់, បេក្ខជនមានជំងឺគ្រុនឈាមមានចំនួន២៧នាក់ និងគ្រោះថ្នាក់ចរាចរណ៍ ២នាក់។ ដោយឡែកគណៈមេប្រយោគមានបញ្ហាសុខភាព១៩នាក់។ ក្រសួងអប់រំ ជំរុញលើកចិត្តឱ្យបេក្ខជនប្រឡងទាំងអស់ត្រូវថែរក្សាសុខភាពឱ្យបានល្អ សម្រាក និងបរិភោគអាហារឱ្យបានគ្រប់គ្រាន់ប្រកបដោយអនាម័យ ដើម្បីទទួលបានលទ្ធផលល្អក្នុងការប្រឡង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត