ពលរដ្ឋមីយ៉ាន់ម៉ា៣ម៉ឺននាក់ រងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ខណៈភ្លើងស.ង្គ្រា.ម និងការខូចខាតដំណាំ កំពុងគំរាមកំហែងដល់សន្តិសុខស្បៀង
ហៀប ស៊ីថេត
5 ម៉ោងមុន

រដ្ឋធានីណៃពិដោ៖ ប្រជាពលរដ្ឋមីយ៉ាន់ម៉ាយ៉ាងហោចណាស់៣ម៉ឺននាក់ នៅក្នុងតំបន់អាយ៉េយ៉ាវ៉ាឌី (Ayeyarwady) កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរដោយសារគ្រោះទឹកជំនន់ ខណៈជម្លោះសង្គ្រាមស៊ីវិល ការខ្វះខាតប្រេងឥន្ធនៈ និងការខូចខាតផលដំណាំ កំពុងតែបង្កើនការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងសន្តិសុខស្បៀង។ នេះតាមការចុះផ្សាយដោយកាសែត CNA នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦​។

នៅស្រុកឡេម្យេតណា (Lemyethna) ដែលជាទីតាំងទំនប់ទឹកទន្លេង៉ាវុន (Ngawun) បានបាក់ធ្លាយកាលពីយប់ថ្ងៃទី៣០ ខែកក្កដា បណ្ដាលឱ្យទឹកជំនន់ហក់ឡើង និងហូរចាក់ចូលយ៉ាងគំហុកទៅកាន់ភូមិឋាន និងដីស្រែចម្ការរបស់ប្រជាពលរដ្ឋ។ អាជ្ញាធរមីយ៉ាន់ម៉ា បានអះអាងថា ការធ្លាក់ភ្លៀងយ៉ាងគំហុក និងការបាក់ច្រាំងទន្លេ ជាមូលហេតុដែលនាំឱ្យបាក់ទំនប់នេះ។ យ៉ាងណា ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ទំនប់ទឹកដ៏ចំណាស់នេះ មានស្ថានភាពទ្រុឌទ្រោមស្រាប់ទៅហើយ ដោយសារមានរន្ធកណ្តុរ និងដំបូកកណ្តៀបំផ្លាញពីខាងក្នុង ហើយការថែទាំទំនប់នេះមានភាពលំបាកខ្លាំង ដោយសារតែការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពការ៉ែន។

ជម្លោះប្រដាប់អាវុធ និងគ្រោះធម្មជាតិជាច្រើនឆ្នាំមកនេះ បានធ្វើឱ្យសហគមន៍ជាច្រើនក្នុងប្រទេសមីយ៉ាន់ម៉ា ប្រឈមវិបត្តិថ្មីៗបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ និងក្រុមអ្នកខិតខំចុះជួយសង្គ្រោះ។ កសិករម្នាក់បានរៀបរាប់ថា៖«ពួកយើងឈឺចាប់ក្នុងចិត្តណាស់។ សត្វពាហនៈមួយចំនួនបានងាប់ដោយសារអាកាសធាតុ។ សត្វគោ និងក្របីឥឡូវនេះ ត្រូវរស់នៅហាលភ្លៀង និងហាលថ្ងៃក្ដៅហែង»។ ទន្ទឹមគ្នា កងកម្លាំងសន្តិសុខរដ្ឋាភិបាល បានប្រកាសថា ច្រកចូលទៅកាន់តំបន់រងគ្រោះដោយទឹកជំនន់ គឺជាតំបន់គ្រោះថ្នាក់។ ក្រៅពីនេះ តំបន់ឡេម្យេតណា គឺជាកន្លែងជ្រកកោនរបស់ជនភៀសខ្លួនក្នុងស្រុករាប់រយនាក់ ដែលបានរត់ភៀសខ្លួនពីការប្រយុទ្ធគ្នា ដែលបានរីករាលដាលពីរដ្ឋរ៉ាឃីន (Rakhine)។ ជនភៀសខ្លួនម្នាក់និយាយទាំងកម្សត់ថា៖«ខ្ញុំគ្មានពាក្យអ្វីត្រូវរៀបរាប់ពីការលំបាកដែលខ្ញុំកំពុងឆ្លងកាត់នោះទេ។ អ្វីបន្តិចបន្តួចដែលយើងអាចយកតាមខ្លួនបានពេលរត់ភៀសខ្លួនពីសង្គ្រាម ឥឡូវនេះត្រូវលិចលង់ក្នុងទឹកជំនន់អស់រលីងហើយ» សូមជម្រាបថា គ្រោះទឹកជំនន់នេះ ក៏កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់វិស័យកសិកម្មនៅក្នុងតំបន់អាយ៉េយ៉ាវ៉ាឌី ដែលត្រូវគេប្រសិទ្ធនាមថាជា«ជង្រុកស្រូវរបស់ប្រទេសមីយ៉ាន់ម៉ា»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត