ចូលកាន់តំណែងទើបបានបួនដប់ថ្ងៃ មេប៉ូលិសសេដ្ឋកិច្ចខេត្តស្វាយរៀង និងគ្នីគ្នា ក៏ត្រូវស្រ្តីអ្នករកស៊ីប្តឹងពីបទកំហែងយកប្រាក់«ជិត១ម៉ឺនដុល្លារ»
ហាក់ អ៊ីឌី
6 ម៉ោងមុន

ខេត្តស្វាយរៀង៖ លោក ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងបក្ខពួក ត្រូវបានស្រ្តីម្នាក់ដាក់ពាក្យប្តឹងចោទប្រកាន់ពីបទ «កំហែងយកប្រាក់ជិត១ម៉ឺនពាន់ដុល្លារអាម៉េរិក» ជាថ្នូរនឹងការដោះលែងរថយន្តដឹកក្រណាត់២គ្រឿង។ អ្នកសារព័ត៌មានមួយចំនួន បង្ហោះលើបណ្តាញសង្គមដូចគ្នាថា លោក ឈុន ឆាង ទើបតែចូលកាន់តំណែងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅចុងខែកក្កដា ឆ្នាំ២០២៦ថ្មីៗនេះប៉ុណ្ណោះ។    

តាមរយៈពាក្យបណ្តឹង ដែលដាក់ជូនស្ថាប័នអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ហើយត្រូវបានគេចែកចាយលើបណ្តាញសង្គម នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ស្រ្តីជាអ្នករកស៊ីឈ្មោះ សុខ រ៉ា បានប្តឹងលោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រួមទាំងបក្ខពួក ពីបទៈ កំហែងយកយក តាមក្រមព្រហ្មទណ្ឌ។ ក្នុងពាក្យបណ្តឹងចុះកាលបរិច្ឆេទនៅថ្ងៃទី៧ ខែសីហា ស្រ្តីជាដើមបណ្តឹង បានសំណូមពរឱ្យស្ថាប័នអនុវត្តច្បាប់ ផ្ដន្ទាទោសលោក ឈុន ឆាង រួមទាំងបក្ខពួក ហើយសុំទាមទារប្រាក់ចំនួន៩ពាន់ដុល្លារអាម៉េរិក យកមកវិញផងដែរ។ ស្រ្តីខាងលើ រៀបរាប់ដំណើរដើមទងថា កាលពីថ្ងៃទី២ ខែសីហា លោក ឈុន ឆាង នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឃាត់រថយន្តរបស់ខ្លួនចំនួន២គ្រឿង។ បន្ទាប់មក ស្រ្តីរូបនេះ ក៏បានទៅជួបសួរនាំអំពីការឃាត់រថយន្តរបស់ខ្លួនទាំង២គ្រឿងនេះ តើមានចំណុចខុសឆ្លងត្រង់ណា? ក៏ប៉ុន្តែលោក ឈុន ឆាង មិនឆ្លើយតបនោះទេ។ ស្រ្តីរូបនេះដដែល បន្តថា លោក ឈុន ឆាង បែរជាបង្ខំ និងកំហែងយកប្រាក់ចំនួន១ម៉ឺនដុល្លារ លើថ្លៃរថយន្តទាំង២គ្រឿង។

ស្រ្តីឈ្មោះ សុខ រ៉ា បន្ថែមថា ខ្លួនបានចរចាគ្នាជាមួយកូនចៅរបស់លោក ឈុន ឆាង រហូតមកនៅត្រឹម៩ពាន់ដុល្លារ ទើបព្រមព្រៀងឱ្យរថយន្តដឹកទំនិញទាំង២គ្រឿង ត្រឡប់ទៅវិញ នៅថ្ងៃទី៥ ខែសីហា។ ជុំវិញបញ្ហាទាំងអស់នេះ អង្គភាពសារព័ត៌មាន SBM News បាព្យាយាមសុំការបំភ្លឺពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ តាមប្រព័ន្ធតេលេក្រាមនៅព្រឹកថ្ងៃទី១០ ខែសីហានេះ ប៉ុន្តែលោកពុំទាន់ឆ្លើយតបនោះទេ។ ទោះយ៉ាងណាក៏ដោយ អ្នកនាំពាក្យរងរូបនេះ ធ្លាប់បានផ្ដល់កិច្ចសម្ភាសជាមួយការីនិពន្ធយើងខ្ញុំជុំវិញវីដេអូបែកធ្លាយមួយ ដែលបង្ហាញពីសកម្មភាពប៉ូលិសម្នាក់ អង្គុយរាប់លុយ៩ពាន់ដុល្លារនោះ។ ប៉ូលិសរាប់លុយនោះ ត្រូវគេអះអាងលើបណ្តាញសង្គមថា ជាកូនចៅរបស់លោក ឈុន ឆាង។ លោក ទូច សុខៈ លើកឡើងថា ករណីវីដេអូរាប់លុយនេះ គឺជាព័ត៌មាន និងជាមូលដ្ឋានដែលក្រសួងមហាផ្ទៃ អាចពិនិត្យ និងស្វែងរកការពិតជាមុនសិន មុននឹងអនុវត្តវិធានការណាមួយ។ 

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 
លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ 

អង្គភាពយើងខ្ញុំ ព្យាយាមហៅទូរសព្ទទៅលោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដែលជាមេកើយរបស់លោក ឈុន ឆាង ដើម្បីសុំការបំភ្លឺជុំវិញរឿងអាស្រូវនេះ តែលោកស្នងការពុំបានលើកទទួលទូរសព្ទនោះទេ។ សាធារណជនមួយចំនួន កំពុងរង់ចាំមើលចំណាត់ការពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏ដូចជាអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ក្នុងការស៊ើបអង្កេត ដើម្បីដឹងថា «តើការពិតយ៉ាងម៉េច?»៕      

លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង  
លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង  
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត