ស្លា.ប់២ និងរបួស១៣នាក់ ករណីផ្ទុះគ្រាប់បែកលើកទី៣ក្នុងរយៈពេលមួយខែនៅស៊ីរី
N
Nary Vann
2 ម៉ោងមុន

រដ្ឋធានីដាម៉ាស៖ មនុស្សយ៉ាងហោចណាស់២នាក់បានបាត់បង់ជីវិត និង១៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកមួយ ដែលបានកើតឡើងនៅក្នុងរថយន្តតាក់ស៊ីមួយគ្រឿង នៅជិតរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី...។

យោងតាមអាជ្ញាធរមានសមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ការផ្ទុះនេះបង្កឡើងដោយគ្រាប់បែកដែលគេលួចបង្កប់នៅក្នុងរថយន្តតាក់ស៊ី នៅលើដងផ្លូវដ៏មមាញឹកមួយ។ រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើការវាយប្រហារនេះនៅឡើយទេ។ តំបន់កើតហេតុ គឺជាទីប្រជុំជនដែលមានជនជាតិភាគតិច Druze រស់នៅច្រើន ហើយធ្លាប់ជួបប្រទះទំនាស់ និងការប៉ះទង្គិចគ្នាយ៉ាងក្ដៅគគុកជាមួយក្រុមអ្នកគាំទ្ររដ្ឋាភិបាល ដឹកនាំដោយក្រុមឥស្លាម កាលពីពេលកន្លងទៅ។

ការផ្ទុះគ្រាប់បែកលើកទី៣ ក្នុងរយៈពេលត្រឹមតែមួយខែនេះ គឺជាបញ្ហាដ៏ធំមួយទៀតសម្រាប់ប្រធានាធិបតីបណ្តោះអាសន្ន លោក អាមេដ អាល់-សារ៉ា (Ahmad al-Sharaa) ដែលបានឡើងកាន់អំណាចកាលពីខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីលោកបានដឹកនាំកងទ័ពបះបោរផ្តួលរំលំរបបគ្រួសារ Assad ដែលបានក្រោបក្តោបអំណាចជិតកន្លះសតវត្សរ៍។ លោក អាល់-សារ៉ា កំពុងព្យាយាមពង្រឹងការគ្រប់គ្រងប្រទេស ស្វែងរកការគាំទ្រពីក្រុមសាសនាភាគតិច និងកសាងទំនុកចិត្តជាមួយបណ្តាប្រទេសលោកខាងលិច តាមរយៈការសន្យាកែទម្រង់នយោបាយ និងសេដ្ឋកិច្ចប្រទេសឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត