
រដ្ឋធានីវ៉ាស៊ីនតោន៖ យោធាសហរដ្ឋអាម៉េរិក បានអះអាងកាលថ្ងៃពុធទី២១មករាថា កងកម្លាំងរបស់ខ្លួន បានផ្ទេរអ្នកជាប់ឃុំរដ្ឋឥស្លាម ឬ ISIS ចំនួន១៥០នាក់ ពីប្រទេសស៊ីរីទៅប្រទេសអ៊ីរ៉ាក់វិញ ហើយអ្នកជាប់ឃុំចំនួន៧០០០នាក់ អាចនឹងត្រូវផ្ទេរចេញពីប្រទេសស៊ីរី បន្ទាប់ពីការដួលរលំយ៉ាងឆាប់រហ័សនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលដឹកនាំដោយជនជាតិឃឺដ...។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបានអះអាងថា សហរដ្ឋអាម៉េរិកអាចដឹកបញ្ជូនអ្នកជាប់ឃុំរដ្ឋឥស្លាម១៥០នាក់ នៅមន្ទីរឃុំឃាំងមួយក្នុងទីក្រុងហាសាកាហ៍ (Hasakah) ប្រទេសស៊ីរី ទៅកាន់ទីតាំងសុវត្ថិភាពក្នុងប្រទេសអ៊ីរ៉ាក់វិញ។ សេចក្តីថ្លែងការណ៍បន្ថែមថា អ្នកជាប់ឃុំឥស្លាមរហូតដល់ទៅ៧០០០នាក់ អាចនឹងត្រូវបានផ្ទេរពីប្រទេសស៊ីរី ទៅកាន់អ៊ីរ៉ាក់ដូចគ្នា។ លោក ប្រេដ ឃូភើ (Brad Cooper) ប្រមុខកងកម្លាំងអាម៉េរិកនៅមជ្ឈិមបូព៌ា បានសង្កត់ធ្ងន់ថា៖«យើងកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ រួមទាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយយើងសូមកោតសរសើរដោយស្មោះ នូវតួនាទីរបស់ពួកគេក្នុងការធានា ដើម្បីកម្ចាត់ក្រុមរដ្ឋឥស្លាមនិយម ឬISIS»។

មែនទែនទៅ យោធាអាម៉េរិក បានសម្រេចចិត្តយ៉ាងឆាប់រហ័សក្នុងការផ្ទេរអ្នកទោស ISIS ចំនួន១៥០នាក់ដំបូង ចេញពីមន្ទីរឃុំឃាំងឆ្ពោះទៅកាន់ទីតាំងសុវត្ថិភាពក្នុងប្រទេសអ៊ីរ៉ាក់ មិនមែនគ្រាន់តែជាការផ្ទេរធម្មតានោះទេ ប៉ុន្តែវាគឺជាការសង្គ្រោះស្ថានការណ៍ ដើម្បីកុំឱ្យមេដឹកនាំក្រុមភេរវករទាំងនោះរួចខ្លួន ក្នុងកំលុងស្ថានការណ៍ដ៏ច្របូកច្របល់នៅស៊ីរី។ មន្ត្រីអាម៉េរិកម្នាក់ បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារទី២០ ខែមករាថា អ្នកប្រយុទ្ធរដ្ឋឥស្លាមនិយមប្រហែល២០០នាក់ បានរត់គេចពីគុកហ្សាដដេឌី (Shaddadi) របស់ប្រទេសស៊ីរី ប៉ុន្តែកងកម្លាំងរដ្ឋាភិបាលស៊ីរីចាប់យកពួកគេបានមកវិញភាគច្រើន។

សូមជម្រាបថា មានសមាជិករដ្ឋឥស្លាមនិយមជាង១០០០០នាក់ រួមទាំងស្ត្រី និងកុមាររាប់ពាន់នាក់ទៀត ដែលមានទំនាក់ទំនងនឹងក្រុមនេះ ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថា មជ្ឈិមបូព៌ា កំពុងស្ថិតក្នុងរបត់នយោបាយយោធាដ៏ស្រួចស្រាល់បំផុត បន្ទាប់ពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយជនជាតិឃឺដ បានដកថយនៅក្រោមសម្ពាធនៃបទឈប់បាញ់ និងការវាយលុកពីកងទ័ពរដ្ឋាភិបាលស៊ីរីថ្មីដឹកនាំដោយលោកប្រធានាធិបតី អាម៉េដ អាល់ហ្សារ៉ា (Ahmed al-Sharaa)៕


