ពីសត្រូវមកជាសម្ព័ន្ធមិត្ត! ក្រោយបាញ់គ្នាឯងអស់ជាង១៤ឆ្នាំ កងកម្លាំងឃឺដ និងរដ្ឋាភិបាលស៊ីរី ចាប់ដៃគ្នាបង្រួបបង្រួមកងទ័ពតែមួយ
N
Nary Vann
30 មករា 2026 06:30 PM

ដាម៉ាស៖ នៅក្នុងរបត់នយោបាយដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតមួយ កងកម្លាំងឃឺដរបស់ស៊ីរី បានសម្រេចឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន ដោយបញ្ចូលកងទ័ពរបស់ខ្លួនចូលទៅក្នុងជួរកងទ័ពជាតិស៊ីរីឡើងវិញ។

កិច្ចព្រមព្រៀងនេះ កើតឡើងបន្ទាប់ពីមានបទឈប់បាញ់គ្នារយៈពេលប្រហែលមួយសប្តាហ៍ ដែលបានបញ្ចប់ការវាយលុកផ្នែកយោធានៅភាគខាងជើងនៃប្រទេស ខណៈរដ្ឋាភិបាលថ្មីកំពុងខិតខំប្រឹងប្រែង ពង្រឹងការគ្រប់គ្រងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដ៏យូរអង្វែងរបស់ លោក បាសា អាលអាសាដ (Mr.Bashir Al-Assad)។ តាមរយៈសេចក្តីថ្លែងការណ៍របស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅថ្ងៃសុក្រទី៣០ខែមករានេះ កិច្ចព្រមព្រៀងនឹងត្រូវអនុវត្តជាដំណាក់កាល ដោយរួមមានការដកទ័ពចេញពីខ្សែត្រៀមជួរមុខ ការដាក់ពង្រាយកងឯកភាពរដ្ឋាភិបាលទៅកាន់ទីក្រុងសំខាន់ៗដូចជា ហាសាកាហ៍ (Hasakah) និងហ្គាំមីស្លី (Qamishli) ព្រមទាំងការបញ្ចូលកម្លាំងសន្តិសុខមូលដ្ឋានឱ្យទៅជាធ្លុងមួយ។

ជម្លោះរវាងកងកម្លាំងឃឺដ និងរដ្ឋាភិបាលស៊ីរី បានអូសបន្លាយពេលអស់រយៈពេលជាង១៤ឆ្នាំមកហើយ គិតចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមស៊ីវិលស៊ីរី ក្នុងឆ្នាំ២០១១។ កាលពីមុន ក្រុមឃឺដបានបង្កើតតំបន់ស្វយ័តមួយនៅភាគខាងជើង ដើម្បីការពារទឹកដីរបស់ខ្លួនពីរបប បាសា អាលអាសាដ និងក្រុមសកម្មប្រយុទ្ធដទៃទៀត។ បន្ទាប់ពីការដួលរលំនៃរបបអាសាដ នាពេលថ្មីៗនេះ រដ្ឋាភិបាលបណ្តោះអាសន្នថ្មី បានព្យាយាមប្រើកម្លាំងបាយវាយលុកតំបន់ភាគខាងជើង ដើម្បីក្តោបក្តាប់អំណាចមកវិញ ប៉ុន្តែចុងក្រោយភាគីទាំងពីរ បានសម្រេចចិត្តបញ្ចប់ការបង្ហូរឈាម និងងាកមករកផ្លូវចរចា ដើម្បីឯកភាពជាតិ។ ការសម្រេចចិត្តរបស់កងកម្លាំងឃឺដក្នុងការចូលរួមជាមួយរដ្ឋាភិបាលកណ្តាល នឹងជួយកាត់បន្ថយភាពតានតឹងផ្ទៃក្នុង និងពង្រឹងសមត្ថភាពការពារជាតិរបស់ស៊ីរី ប្រឈមមុខនឹងការគំរាមកំហែងពីខាងក្រៅ និងក្រុមជ្រុលនិយមនានា ដែលនៅសេសសល់ក្នុងតំបន់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត