មន្ត្រីស៊ីរី ថាអ្នកឃុំខ្លួនរដ្ឋអ៊ីស្លាមនិយមចំនួន១២០នាក់រត់គេចពីពន្ធនាគារ តែអ្នកនាំពាក្យ ថាមានរហូតដល់១៥០០នាក់ឯណោះ
ហៀប ស៊ីថេត
20 មករា 2026 12:30 PM

រដ្ឋធានីដាម៉ាស៖ ក្រសួងមហាផ្ទៃរបស់ប្រទេសស៊ីរី បានបញ្ជាក់នៅថ្ងៃអង្គារទី២០ ខែមករានេះថា អ្នកជាប់ឃុំនៃក្រុមរដ្ឋឥស្លាមនិយមប្រហែល១២០នាក់ បានរត់គេចខ្លួនពីពន្ធនាគារហ្សេដដេឌី (Shaddadi) តែអ្នកនាំពាក្យកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដឹកនាំដោយជនជាតិឃឺដ លោក ហ្វារហាដ សាមី (Farhad Sami) អះអាងថា សមាជិករដ្ឋអ៊ីស្លាមប្រហែល១៥០០នាក់ បានរត់គេចខ្លួន។ នេះបើតាមគេហទំព័ររបស់ជនជាតិឃឺដ។

ក្រសួង​មហាផ្ទៃស៊ីរី​ បញ្ជាក់​ថា អង្គភាព​កងទ័ព​ស៊ីរី និង​កង​កម្លាំង​ពិសេស​របស់​ក្រសួង​បាន​ចូល​ក្នុង​ទីក្រុងហ្សេដដេឌី បន្ទាប់​ពី​ការ​ផ្ទុះ​អាវុធ។ ក្រសួងបានគូសបង្ហាញថា កងកម្លាំងសន្តិសុខបានចាប់ខ្លួនអ្នករត់គេចខ្លួនចំនួន៨១នាក់ ខណៈប្រតិបត្តិការស្វែងរក និងបោសសម្អាតនៅក្នុងទីក្រុង និងតំបន់ជុំវិញ នៅតែបន្ត ក្នុងកិច្ចខិតខំប្រឹងប្រែងចាប់ខ្លួនជនរត់គេចខ្លួនដែលនៅសេសសល់។ កងទ័ពស៊ីរីបានសង្កត់ធ្ងន់ថា៖«ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម មួយចំនួនបានរត់គេចចេញពីគុក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងប្រជាធិបតេយ្យស៊ីរី នៅក្នុងទីក្រុងហ្សេដដេឌី ភាគខាងកើត»។ កងទ័ពស៊ីរី បានចោទប្រកាន់កងកម្លាំងប្រជាធិបតេយ្យស៊ីរី ថា បានដោះលែងអ្នកទោសទាំងនោះ។ យ៉ាងណាក៏ដោយ កងកម្លាំងប្រជាធិបតេយ្យស៊ីរី បញ្ជាក់ថា សមាជិករដ្ឋអ៊ីស្លាមប្រហែល១៥០០នាក់ បានរត់គេចខ្លួនចេញពីពន្ធនាគារ។

តើជនជាតិឃឺដជានរណា..? មែនទែនទៅ ឃឺដ គឺជាក្រុមជនជាតិដើមភាគតិចនៅតំបន់វាលទំនាបមេសូប៉ូតាមៀន (Mesopotamian) និងតំបន់ខ្ពង់រាបក្បែរនោះ ដែលសព្វថ្ងៃលាតសន្ធឹងពាសពេញភាគខាងកើតតួកគី ភាគឦសានស៊ីរី ភាគខាងជើងអ៊ីរ៉ាក់ ភាគពាយ័ព្យអ៊ីរ៉ង់ និងភាគនិរតីអាមេនី។ ចំនួនប្រជាជនឃឺដ ត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ទាំងនោះ ដែលត្រូវបានហៅជារួមថា ជាជនជាតិឃឺដ។ ជនជាតិឃឺដ រីករាលដាលពាសពេញប្រទេសផ្សេងៗគ្នា នៅមជ្ឈិមបូព៌ា ហើយមិនមានរដ្ឋផ្ទាល់ខ្លួនទេ។ មាន​ជនជាតិ​ឃឺ​ដ​ចន្លោះ​ពី៣០​ទៅ​៤០​លាន​នាក់ ​នៅ​ជុំវិញ​ពិភពលោក​។ ជនជាតិឃឺដ ត្រូវបានគេចាត់ទុកថា ជាក្រុមជនជាតិភាគតិចដែលគ្មានរដ្ឋដ៏ធំបំផុតនៅក្នុងពិភពលោក៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត