
ក្រុងតាខ្មៅ៖ នៅទីបំផុត លោក ឈុន ផល្លី ប្រធានមណ្ឌលសុខភាពសិត្បូ ដែលបានធ្វើសកម្មភាពបៀតបៀនយុវតីម្នាក់ ជាអ្នកជំងឺនៅលើរថយន្តពេទ្យសង្គ្រោះបន្ទាន់ ត្រូវបានលោកអភិបាលខេត្តកណ្តាល គួច ចំរើន សម្រេចទម្លាក់ទួនាទីពីប្រធានមណ្ឌលសុខភាព មកជាមន្ត្រីហើយ។ ចំណាត់ការណ៍នេះ គឺក្រោយពីគណៈវិនិច្ឆ័យវិជ្ជាជីវៈនៃមន្ទីរសុខាភិបាលខេត្តកណ្តាល ចុះធ្វើអធិការកិច្ច បន្ទាប់ពីបែកធ្លាយវីដេអូសកម្មភាពបៀតបៀននៅលើបណ្តាញសង្គម...។

យោងតាមដីការបញ្ចប់ភារកិច្ចមន្ត្រីរាជការរបស់រដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាដោយ លោក គួច ចំរើន បានគូសបញ្ជាក់ថា៖«អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានបញ្ចប់ភារកិច្ច លោក ឈុន ផល្លី ឋានន្តរសក្តិមន្ត្រីសុខាភិបាលបឋម ថ្នាក់លេខ៤ (គ.៤) នៃរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តកណ្តាល ពីតំណែងជាប្រធានមណ្ឌលសុខភាពសិត្បូ មកជាមន្ត្រី»។ សូមជម្រាបថា ការបញ្ឈប់តួនាទី លោក ឈុន ផល្លី ពីប្រធានមណ្ឌលសុខភាពនេះ បន្ទាប់ពីលោកត្រូវបានរងការចោទប្រកាន់ថា បានព្យាយាមបៀតបៀនបំពានរាងកាយអ្នកជំងឺ ដែលកំពុងដឹកតាមរថយន្តគិលានសង្គ្រោះ។

លោកគ្រូពេទ្យ ឈុន ផល្លី ប្រធានមណ្ឌលសុខភាពសិត្បូ មានទីតាំងស្ថិតនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់យ៉ាងចាស់ដៃទៅលើសកម្មភាពរបស់លោក ដែលបានព្យាយាមយកដៃបៀតបៀនបំពានរាងកាយអ្នកជំងឺ បន្លំសង្កត់ទ្រូង (ចាប់សុដន់) ដោយការធ្វើចលនាបេះដូង ដែលកំពុងដឹកតាមរថយន្តគិលានសង្គ្រោះ ខណៈវីដេអូនោះត្រូវបានថតជាប់សកម្មភាពទាំងអស់ ដោយបងស្រីអ្នកជំងឺ និងក្រោយមកនាងបានបង្ហោះលើបណ្តាញសង្គមក្នុងនាមស្វែងរកការជួយសង្គ្រោះជីវិតប្អូនស្រី ដោយពុំបានចាប់អារម្មណ៍លើសកម្មភាព លោក ឈុន ផល្លី ដែលបាននិងកំពុងបៀតបៀនរាងកាយរបស់ប្អូនស្រីឡើយ។

យ៉ាងណា បន្ទាប់ពីមហាជនបានទស្សនាវីដេអូឃ្លីបនោះ ទើបឃើញថា សកម្មភាពរបស់ លោក ឈុន ផល្លី ដែលបានយកដៃធ្វើចលនាបេះដូង(CPR)ឱ្យអ្នកជំងឺ ហាក់ផ្ទុយពីការសង្គ្រោះរបស់គ្រូពេទ្យដទៃទៀត ដែលនាំឱ្យមានការរិះគន់ពេញបណ្តាញសង្គមតែម្តង...៕






