រោងចក្រផលិតក្បឿង ចានបង្គន់ និងការ៉ូនៅខេត្តកំពត ត្រូវបានក្រសួងបរិស្ថានសម្រេចផ្អាកដំណើរការ
S
Sreyleak Yith
10 ម៉ោងមុន

ក្រុងកំពត៖ ក្រុមហ៊ុន ROYAL CERA CO., LTD. ជារោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ មានទីតាំងស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត បានបញ្ចេញសំណល់រាវបំពុលបរិស្ថាន។ ដោយអង្កេតឃើញយ៉ាងដូច្នេះ ក្រសួងបរិស្ថាន បានសម្រេចឱ្យក្រុមហ៊ុនផ្អាកដំណើរការសង្វាក់ផលិតកម្មបន្ទាន់…។

ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី៤សីហានេះ បានឱ្យដឹងថា មន្រ្តីជំនាញបានចុះត្រួតពិនិត្យនៅក្នុងទីតាំងក្រុមហ៊ុន ឃើញថា បានដំណើរការដោយគ្មានបំពាក់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ។ ចំណែក ស្ថានភាពខាងក្រៅ រកឃើញសំណល់រាវដក់នៅដីចម្ការស្វាយរបស់ប្រជាពលរដ្ឋ និងស្លាកស្នាម សំណល់រាវហូរចាក់ទៅជ្រលងអូរតាមដីស្រែ ហើយក្រុមហ៊ុនទុកដាក់សំណល់ផេះ បរិមាណ១៨០គីឡូក្រាមក្នុងមួយថ្ងៃ មិនត្រឹមត្រូវ ដោយយកមកចាក់លុបរណ្ដៅទឹកក្នុងបរិវេណដីក្រុមហ៊ុន និងមានសំណល់រាវចេញពីទីតាំងឡចំហាយ និងកន្លែងបាញ់ថ្នាំការ៉ូ និងមានប្រេងលាយឡំ ត្រូវបានបង្ហូរតាមបណ្ដោយប្រឡាយដី ចូលស្រះស្ដុក និងបាចសាចលើដីប្រមាណ២ហិកតា ក្នុងបរិវេណរោងចក្រ។

លើសពីនេះ មន្ត្រីជំនាញរបស់ក្រសួង ក៏បានរកឃើញសំណល់ធុងថ្នាំត្រូវបានដាក់គរនៅទីវាល និងមិនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងគ្មានលិខិតអនុញ្ញាតបញ្ចេញសំណល់ពាក់ព័ន្ធថែមទៀត។ ក្រសួងបរិស្ថាន បន្ថែមថា កន្លងមកក្រុមហ៊ុនបានជួលឱ្យបុគ្គលឈ្មោះ លឹម ញន ដឹកសំណល់រាវចេញដោយគ្មានលិខិតអនុញ្ញាតពីក្រសួងបរិស្ថាន និងបានយកសំណល់រាវ ទៅចាក់ចោល ពាសវាលពាសកាល នៅតាមជើងភ្នំ បង្កឱ្យសំណល់រាវនោះហូរចូលប្រភពទឹកសាធារណៈ ប៉ះពាល់គុណភាពទឹក និងជីវចម្រុះ និងមានក្លិនឈ្ងៀមយ៉ាងខ្លាំង។ក្រៅពីឱ្យផ្អាកដំណើរការ ក្រសួងបរិស្ថាន ក៏បានតម្រូវឱ្យក្រុមហ៊ុនសងសំណងផលប៉ះពាល់សុខភាពសាធារណៈ និងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្ដែងរបស់មន្រ្តីជំនាញ។

ស្ដារប្រឡាយដែលក្រសួងធនធានទឹក និងឧតុនិយម បានជីកឱ្យវិលទៅរកសភាពដើមវិញ។ ត្រូវបូមសំណល់រាវ ដែលបានយកទៅចាក់ចោលនៅរណ្ដៅដី មកដាក់នៅស្រះស្ដុករបស់ក្រុមហ៊ុនជាបណ្ដោះអាសន្ន ឱ្យបានរួចរាល់មុនថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។និងត្រូវសាងសង់អាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ រៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង និងគ្រប់គ្រងសំណល់រឹង ព្រមទាំងទុកដាក់ធ្យូងថ្មឱ្យបានត្រឹមត្រូវ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត