ម្ចាស់រថយន្តទំនើបស្លាកលេខ«កម្ពុជា JEC.SENG» បើកបុកក្មេងស្លា.ប់រួចរត់គេចខ្លួន សមត្ថកិច្ចកំណត់អត្តសញ្ញាណបានហើយ
ហាក់ អ៊ីឌី
11 ម៉ោងមុន

ក្រុងតាខ្មៅ៖ លោកអធិការនគរបាលក្រុងតាខ្មៅ បានអះអាងថា កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណម្ចាស់រថយន្តស៊េរីទំនើប ពាក់ស្លាកលេខ«កម្ពុជា JEC.SENG» បន្ទាប់ពីបានបើកបុក​មនុស្ស​ស្លាប់ ហើយ​រត់​គេច​ខ្លួននៅចំណុចមុខផ្សារទំនើបឡាក់គី (LUCKY) ផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី០២សីហា ឆ្នាំ២០២៦...។ 

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News តាមប្រព័ន្ធទូរសព្ទនៅរសៀលថ្ងៃទី០៤ ខែសីហានេះ លោក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ គូសបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ បានកំណត់អត្តសញ្ញាណម្ចាស់រថយន្តស៊េរីទំនើបនោះរួចរាល់ហើយ ពោលគឺកំពុងមានចំណាត់ការផ្លូវច្បាប់ ដោយ លោកយី វណ្ណដា អំពាវនាវដល់សមាជិកក្រុមគ្រួសារជនបង្ក ដែលបានបើកបុកមនុស្សស្លាប់ មេត្តាសូមប្រគល់ជនសង្ស័យឱ្យមកអាជ្ញាធរតាមសម្រួល ជាជាងទុកឱ្យអាជ្ញាធរតាមចាប់ខ្លួន ព្រោះថា ជនប្រព្រឹត្តិល្មើសមិនអាចគេចផុតពីសំណាញ់ច្បាប់បានទេ។ យ៉ាងណា ការីនិពន្ធអង្គភាពសារព័ត៌មាន SBM News បានស្នើសុំបំភ្លឺបន្ថែម ជុំវិញរូបភាពបុរសម្នាក់ដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមយកទៅផ្សព្វផ្សាយ និងអះអាងថាជាម្ចាស់រថយន្ត និងជាជនបង្កនោះ ត្រូវបានលោកអធិការក្រុងតាខ្មៅ បកស្រាយថា លោកមិនអាចសម្មតបាននៅឡើយទេថា ជនបើកបរបង្កគ្រោះថ្នាក់ឱ្យជនរងគ្រោះបាត់បង់អាយុជីវិត ជាបុរសរូបនោះ ឬយ៉ាងណា? 

លោក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ  
លោក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ  

សូមជម្រាបថា តាមរយៈកិច្ចសម្ភាសរវាងអ្នកកាសែត ជាមួយម្ដាយក្មេងស្រីរងគ្រោះ ដែលមានកូនប្រុសស្រីក្នុងបន្ទុកសរុប៧នាក់ ព្រមទាំងប្ដីមិនអាចដើររួច បានឱ្យដឹងថា កាលពីថ្ងៃកើតហេតុខាងលើ រូបអ្នកស្រី និងកូនស្រី បាននាំគ្នាទៅរើសអេតចាយតាមទម្លាប់ជាធម្មតាក្នុងភូមិសាស្ត្រដែលបានរើសនោះ។ កំលុងពេលដែលរៀបចំប្រមូលអេតចាយឡើងលើរ៉ឺម៉ក ចេញពីកន្លែងរើសនោះ ក៏ស្រាប់តែជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយ​មានរថយន្តស៊េរីទំនើបមួយ​គ្រឿង ពាក់ស្លាកលេខ «កម្ពុជា JEC.SENG» បើកបរបញ្ច្រាស​​ទិស​គ្នា មក​បុក​ពេញទំហឹងបណ្ដាលឱ្យកូនស្រីអ្នកស្រីស្លាប់ភ្លាមៗនៅហ្នឹងកន្លែង ខណៈអ្នកបើកបរទំនងជាមានជាតិស្រវឹងក្នុងខ្លួន។ ក្រោយហេតុការណ៍កើតឡើង ជនបង្កបានបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុ ហើយ​ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញ​ឃាត់​បានរថយន្ត ចំណែកអ្នកបើក​រថយន្ត ត្រូវបក្ខពួក មកជម្លៀស​គេចចេញបាត់ដោយសុវត្ថិភាព។

រូបភាពដែលអ្នកប្រើប្រាស់ បណ្ដាញ់សង្គម អះអាងថា ជាម្ចាស់រថយន្តបង្ក 
រូបភាពដែលអ្នកប្រើប្រាស់ បណ្ដាញ់សង្គម អះអាងថា ជាម្ចាស់រថយន្តបង្ក 

ទោះជាយ៉ាងណា ចំពោះករណីខាងលើនេះ បាននិងកំពុងបង្កើតឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់មហាជននៅលើបណ្តាញសង្គម ដោយសាធារណជនបានសម្ដែងការសោកស្ដាយចំពោះជីវិតក្មេងរងគ្រោះ និងបានអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនបង្ក ដោយត្រូវកាត់ទោសជនបង្កឱ្យបានធ្ងន់ធ្ងរបំផុត ដើម្បីផ្តល់ភាពយុត្តិធម៌ជូនដល់គ្រួសារសព ដោយកុំចាំតែទាល់តែរឿងនោះល្បីសុះសាយដល់ថ្នាក់ដឹកនាំប្រទេស ទើបមានចំណាត់ការក្ដៅគគុកនោះ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត