
បាល់ទាត់៖ ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូល A ដណ្តើមកៅអីឡើងទៅលេងវគ្គខ្វែង ឬវគ្គ៤ក្រុមចុងក្រោយ នៃពានជើងឯក ASEAN Hyundai Cup 2026 កាន់តែមានភាពប្រទាញប្រទង់គ្នាខ្លាំងហើយ ដោយជំនួបជុំចុងក្រោយរវាងក្រុមឥណ្ឌូណេស៊ី ជាមួយសិង្ហបុរី គឺជាជំនួបស៊ីសាច់ហុតឈាម ព្រោះក្រុមឥណ្ឌូណេស៊ី ត្រូវការឈ្នះជាដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ត ខណៈក្រុមការពារតំណែងជើងឯកវៀតណាម មានសុវត្ថិភាពហើយ ទោះបីប្រកួតចុងក្រោយរងបរាជ័យក្រោមថ្វីជើងក្រុមធ្លាក់ចេញពីពូល គោព្រៃកម្ពុជាក៏ដោយ...។

ចំពោះសន្ទស្សន៍តារាងចំណាត់ថ្នាក់បច្ចុប្បន្ន ក្នុងពូល A ក្រុមជម្រើសជាតិវៀតណាម មាន៧ពិន្ទុស្មើជាមួយក្រុមសិង្ហបុរី ប៉ុន្តែឈ្នះគ្រាប់បាល់ស៊ុតបញ្ចូលទីគូប្រកួតរហូតដល់ទៅ១០គ្រាប់ ខណៈក្រុមសិង្ហបុរីមានគ្រាប់បាល់ចំណេញត្រឹមតែ៣គ្រាប់ប៉ុណ្ណោះ។ ក្រុមឥណ្ឌូណេស៊ី ឈរលេខ៣មាន៦ពិន្ទុ មានគ្រាប់បាល់ចំណេញ៤គ្រាប់ ដូច្នេះ ជំនួបជុំចុងក្រោយប្រកួតជាមួយក្រុមសិង្ហបុរី គឺដាច់ខាតក្រុមឥណ្ឌូណេស៊ីត្រូវតែឈ្នះ ព្រោះក្រុមទាំងពីរ ត្រូវតែមាន១ក្រុមធ្លាក់ចេញជាមួយក្រុមកម្ពុជាដែរ។ ក្រុមគោព្រៃកម្ពុជា នៅសល់មួយប្រកួតចុងក្រោយដូចគ្នា ដោយត្រូវជួបក្រុមជើងខ្លាំងវៀតណាមដែលក្រុមគោព្រៃកម្ពុជា លេងមិនដែលឈ្នះទាល់តែសោះ និងបានធ្លាក់ចេញពីពូលដោយស្វ័យប្រវត្តិហើយ ដោព្រោះមានពិន្ទុត្រឹមតែ៣ប៉ុណ្ណោះ ក្រោយយកឈ្នះក្រុមទីម័រខាងកើត ៣-០ កាលពីថ្ងៃទី៣សីហា កន្លងទៅថ្មីៗ។

ទោះយ៉ាងណា យើងរង់ចាំមើលទាំងអស់គ្នាថា តើរវាងក្រុមសិង្ហបុរី និងក្រុមឥណ្ឌូណេស៊ី ក្រុមមួយណាដែលត្រូវហាលអាវជាមួយក្រុមគោព្រៃកម្ពុជានៅវគ្គសន្សំពិន្ទុក្នុងពូល A នេះ ហើយថាតើក្រុមណាជាម្ចាស់ជើងឯកពានរង្វាន់ ASEAN Hyundai Cup 2026 ខណៈមហាជនក្នុងតំបន់អាស៊ានទាំងមូល សង្ឃឹមលើក្រុមវៀតណាមខ្ពស់ជាងគេ បន្ទាប់មកគឺក្រុមឥណ្ឌូណេស៊ី ដែលពុំមែនជាក្រុមផ្ទះលេខពីរដ៏សែនអាក្រក់ជួរជាតិនោះឡើយ៕



