
រាជធានីភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធីលេខកូដមរណៈ ៨X៨ (Death Code 8:8) នៃសេនាគុនខ្មែរយន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ថោន កាន់តែកៀកខិតជិតមកដល់ហើយ ដោយបេក្ខភាពកីឡាករបរទេសទាំង៨រូប ក៏បានបង្ហាញវត្តមានអស់ហើយដែរ ក្នុងនោះ អ្នកលេងពូថៅដៃពិឃាត ធឿន ធារ៉ា ត្រូវជួបម្ចាស់ខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក បេន ហាមមូ មកពីប្រទេសម៉ារ៉ុក...។

ក្នុងនាមជាគូឯកប្រចាំព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរ លេខកូដមរណៈ ៨X៨ (Death Code 8:8) ធឿន ធារ៉ា ត្រូវតែផ្តួល កីឡាករ បេន ហាមមូ ឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ទើបអាចស្តារកិត្តិយសដែលបាត់បង់កន្លងមក មកវិញបាន ព្រោះជ័យជម្នះកាលពីប្រកួតដណ្តើមពានជើងឯក Golden Boy ជាមួយ កីឡាករ ការីម៉ូវ ការីម ហាក់មិនទាន់បញ្ចេញអស់ស្នៀតគុនរបស់ខ្លួនទេ ដ្បិត កីឡាករ ការីម៉ូវ ការីម ភ្លាត់ស្នៀតចូលកែង ធឿន ធារ៉ា បណ្ដាលឱ្យបែកចិញ្ចើមលើភ្នែកធំ ហូរឈាមស្រោចខ្លួន ហើយត្រូវបានលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗ ខណៈដែលអ្នកទាំងពីប្រកួតគ្នាមិនទាន់ទាំងក្ដៅសាច់ស្រួលបួលផង ក៏បានបិទបញ្ចប់ការប្រកួតទៅហើយ។ យ៉ាងណា អ្នកគាំទ្រក៏មិនទាន់បានទស្សនាក្បាច់គុនកីឡាករទាំងពីរថាមានស្នៀតអ្វីខ្លះ ដែលនឹងត្រូវយកមកបញ្ចេញនៅលើសង្វៀនឡើយ។

តែទោះជាយ៉ាងណាក៏ដោយ មហាជនសង្ឃឹមថា ការប្រកួតនៅថ្ងៃទី៨សីហាខាងមុខនេះ អ្នកលេងគុនខ្មែរ ដែលមានរហស្សនាម«អ្នកលេងពូថៅដៃពិឃាត» ធឿន ធារ៉ា នឹងមិនអាចផ្តួល កីឡាករ បេន ហាមមូ លឿនដូចកាលពីលើកមុនឡើយ ដ្បិត កីឡាករ ការីម៉ូវ ការីម មកពីអ៊ូបេគីស្ថានម្នាក់នេះ ជាម្ចាស់ជើងឯកខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោកផង ស្រួលមិនស្រួលអាចបរាជ៍យក្រោមថ្វីដៃកីឡាករបរទេសរូបនេះ ដូចពេលមុនក៏ថាបាន។ ចំណែកគូឯករងប្រចាំព្រឹត្តិការណ៍ កីឡាករ អេ អាំម៉ារីនភូថង នឹងត្រូវជួបកីឡាករ លូកាស សានតូស កូនកាត់ជប៉ុនប្រេស៊ីល និងកីឡាករ ចំរើន គុនខ្មែរ ជួបប្រកួតជាមួយកីឡាករជើងខ្លាំងមកពីប្រទេសចិន ចាង បូរូ។ កីឡាករ ឃីម បូរ៉ា ត្រូវប្រកួតជាមួយកីឡាករចិនដូចគ្នា គឺ ចាង ស៊ីចេង ម្ចាស់ខ្សែក្រវាត់កម្រិតអន្តរជាតិជាច្រើនស្ថាប័ន។ កីឡាករ ទូច ដេវីត ជួបជើងខ្លាំងមកពីប្រទេសបារាំង អាប់ឌែល ហ្វាតា មីណៃ ខណៈ កីឡាករ រិន ដេវីត ជួបជើងខ្លាំងមកពីប្រទេសជប៉ុន ហាំមើ ស៊ូហ្សូគិ និងកីឡាករ រីគី សេងថង ជួបកីឡាករ លីយ៉ា សេនកូ មកពីរុស្ស៊ី។ រីឯគូបើកឆាកនៃកម្មវិធី កីឡាករ ឌឹម សារុំ ជួបកីឡាករមកពីប្រទេសម៉ុងហ្គោលី នីមហ្គេរែល។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរក្នុងកម្មវិធីលេខកូដមរណៈ ៨X៨ (Death Code 8:8) នៃសេនាគុនខ្មែរយន្ត៨ទិស រៀបចំនៅសង្វៀនប្រដាល់ទូរទស្សន៍ថោន នាវេលាម៉ោង១៩ៈ០០នាទីយប់ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះហើយ ដូច្នេះ សូមអ្នកគាំទ្រវិស័យប្រដាល់គុនខ្មែរ កុំភ្លេចចូលរួមគាំទ្រផ្តល់កម្លាំងចិត្តដល់កីឡាករគុនខ្មែរយើងទាំងអស់គ្នា៕











