
ក្រុងបានលុង៖ កម្ពុជាប្រកាសជំហរប្រឆាំងដាច់ខាត ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ដោយចាត់ទុកថា ជាអាវុធបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៊ីវិល និងបន្សល់ទុកផលប៉ះពាល់យូរអង្វែងរាប់ជំនាន់។ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ប្រកាសដូច្នេះនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ក្នុងអំឡុងពេលចុះពិនិត្យសកម្មភាពស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមរបស់អង្គការជំនួយប្រជាពលរដ្ឋន័រវេស(NPA) នៅស្រុកកូនមុំ ខេត្តរតនគិរី...។

លោកទេសរដ្ឋមន្ត្រីមានប្រសាសន៍ថា សំណល់គ្រាប់បែកចង្កោមនៅតែជាការគំរាមកំហែងដល់សុវត្ថិភាពប្រជាពលរដ្ឋ ជាពិសេសកុមារ និងស្ត្រី។ កម្ពុជា ជាប្រទេសដែលធ្លាប់រងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីគ្រាប់បែកចង្កោម បង្កការបាត់បង់អាយុជីវិត ពិការភាព និងផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបានបញ្ជាក់ថា ទោះបីកម្ពុជាសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងវិស័យសកម្មភាពមីនមនុស្សធម៌ក៏ដោយ ក៏នៅមានផ្ទៃដីប្រមាណ៦៤៤គីឡូម៉ែត្រការ៉េ ដែលត្រូវបន្តបោសសម្អាតពីគ្រាប់បែកចង្កោម។ ក្នុងន័យនេះ លោកទេសរដ្ឋមន្ត្រី អំពាវនាវដល់សហគមន៍អន្តរជាតិរួមគ្នាបញ្ចប់ការប្រើប្រាស់ ការផលិត ការផ្ទេរ និងការស្តុកទុកគ្រាប់បែកចង្កោម ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបោសសម្អាតសំណល់ជាតិផ្ទុះ ការគាំទ្រជនរងគ្រោះ និងការអភិវឌ្ឍសហគមន៍ ដើម្បីឱ្យប្រជាពលរដ្ឋអាចរស់នៅដោយសុវត្ថិភាព និងគ្មានការភ័យខ្លាចពីគ្រោះថ្នាក់ដោយសារសំណល់សង្គ្រាម។

ទន្ទឹមគ្នា អនុប្រធានទី១អាជ្ញាធរមីន រូបនេះវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់អង្គការNPA ព្រមទាំងសហរដ្ឋអាម៉េរិក និងទីភ្នាក់ងារអភិវឌ្ឍន៍ន័រវេស (NORAD) ដែលបានចូលរួមគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ កម្ពុជានឹងចូលរួមកិច្ចប្រជុំអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនៅប្រទេសឡាវនាខែកញ្ញា ឆ្នាំ២០២៦ ដើម្បីចែករំលែកបទពិសោធ និងវឌ្ឍនភាពរបស់ខ្លួន ព្រមទាំងអំពាវនាវឱ្យសហគមន៍អន្តរជាតិ បន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការលុបបំបាត់អាវុធគ្រោះថ្នាក់នេះនៅទូទាំងពិភពលោក។

នាយកប្រចាំប្រទេសនៃអង្គការ NPA លោក ហាន ភីតធើ រីសស៊ើ Hans Peter Risser បានឱ្យដឹង អង្គការNPA ចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ ដោយផ្តល់ការគាំទ្រលើការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ការបណ្ដុះបណ្ដាលធនធានមនុស្ស និងជំនួយបច្ចេកទេស។ ជាមួយគ្នា ចាប់តាំងពីឆ្នាំ២០១៣មក អង្គការ NPA បានគាំទ្រការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោមនៅខេត្តរតនគិរីលើផ្ទៃដីជាង៤០គីឡូម៉ែត្រការ៉េ ដោយរកឃើញ និងកម្ទេចចោលគ្រាប់បែកចង្កោមជាង៦ពាន់គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងៗទៀត ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋជាង៣ម៉ឺននាក់។ ក្នុងន័យនេះ អង្គការ NPA ប្តេជ្ញាចិត្តបន្តសហការជាមួយកម្ពុជា ដើម្បីគាំទ្រដល់គោលដៅធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម៕








