កាន់តែសាហាវ! ក្រុមចោរហាររយចេញប្ល.ន់.កា.ប់.ស.ម្លា.ប់មនុស្សស្រស់ៗ នៅក្រុងប៉ោយប៉ែត
អាន ប៊ុនរ័ត្ននៈ
មួយថ្ងៃមុន

ក្រុងប៉ោយប៉ែត៖ មានការភ្ញាក់ផ្អើលមួយកាលពីយប់ថ្ងៃទី១៩កក្កដា ឆ្នាំ២០២៦ បន្ទាប់ពីមានយុវជនម្នាក់ដេកស្លាប់ក្បែរចិញ្ចើមផ្លូវ ម្តុំវត្តទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ក្រោយសមត្ថកិច្ចត្រួតពិនិត្យសាកសពរួច និងបានធ្វើកំណត់ហេតុជុំវិញហេតុការណ៍ខាងលើ មន្ត្រីនគរបាលជំនាញដាក់ការសង្ស័យថា អាចជាករណីប្លន់សម្លាប់...។

យោងតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលបានឃើញជនរងគ្រោះដេកស្លាប់ បានរៀបរាប់ថា នៅពេលគាត់ជិះម៉ូតូតាមផ្លូវមកដល់ចំណុចម្តុំផ្លូវចូលវត្តទួលពង្រ ក៏ប្រទះឃើញសពជនរងគ្រោះ លោកក៏បានប្រញាប់ជិះម៉ូតូទៅរាយការណ៍ជូនសមត្ថកិច្ចឱ្យចុះមកពិនិត្យកន្លែងកើតហេតុភ្លាមៗតែម្ដង ស្រពពេលនោះក៏មានការផ្អើលឆោឡោពីសំណាក់ប្រជាពលរដ្ឋដូចគ្នាដែរ ដោយមានអ្នកចោមរោមមើលយុវជនដេកស្លាប់ក្នុងថ្លុកឈាមនៅក្បែរចិញ្ចើមផ្លូវនោះគ្រប់គ្នា។ បើតាមការសង្កេតរបស់សមត្ថកិច្ច ជនរងគ្រោះ អាចមានវ័យប្រហែលជាង២០ឆ្នាំ រងរបួសលើស្មាខាងក្រោយ និងកដៃមានស្នាមដាច់រយះ ប្រៀបដូចជាត្រូវរបស់រឹងអ្វីមួយកាប់ចំ។ ជាមួយគ្នានេះដែរ បើតាមមន្ត្រីនគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបញ្ជាក់ ជនរងគ្រោះដែលត្រូវឃាតកសម្លាប់ បានបាត់ម៉ូតូ១គ្រឿងផងដែរ។

ក្រោយកម្លាំងសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យសពជនរងគ្រោះរួច ក៏បានដាក់ការសង្ស័យបឋមថា អាចជាករណីប្លន់សម្លាប់យកម៉ូតូ ឬក៏អាចជាករណីក្រុមក្មេងទំនើងកាប់សម្លាប់គ្នា ហើយយកម៉ូតូជនរងគ្រោះដើម្បីបំភាន់ដានសមត្ថកិច្ច។ ដូច្នេះ ករណីនេះអាជ្ញាធរនឹងធ្វើការស៊ើបអង្កេតស៊ីជម្រៅ ដើម្បីវែកមុខជនដៃដល់ជាឃាតក យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ឱ្យខាងតែបាន។ ទោះយ៉ាងណា ប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បច្ចុប្បន្ន កំពុងមានការភ័យខ្លាច និងតក់ស្លុតជាខ្លាំង បន្ទាប់ពីមានករណីកាប់ប្លន់យ៉ាងសាហាវកើតមានឡើងញឹកញាប់ ដែលធ្វើឱ្យស្ថានភាពគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់អាជ្ញាធរ ហាក់លែងមានប្រសិទ្ធភាពដូចពេលមុន។ ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត ក៏បានសំណូមពរដល់សមត្ថកិច្ចផងដែរ ឱ្យមានការចេញល្បាត់ជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ក្រុមចោរចេញកាប់ប្លន់ពលរដ្ឋ នាកំលុងពេលយប់ តាមបណ្តាគោលដៅសំខាន់ៗមួយចំនួន ដែលមានហានិភ័យខ្ពស់៕ រាយការណ៍ដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត