
រាជធានីភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី អ៊ីហ្ស៊ូមិ ណាកាមីតស៊ូ (Izumi Nakamitsu) អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានអញ្ជើញជួបពិភាក្សាកាលពីថ្ងៃទី៩មិថុនា នូវកិច្ចការសំខាន់ៗជាច្រើន រួមទាំងបញ្ហាសង្រ្គាមឈ្លានពានដែលកើតឡើងនៅកម្ពុជា…។

ថ្លែងចេញពីរដ្ឋធានីហាណូយ ប្រទេសវៀតណាម អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានសម្ដែងនូវការកោតសរសើរចំពោះអ្នកជំនាញរបស់កម្ពុជាលើការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានបន្សល់ទុកពីសង្គ្រាម ខណៈកិច្ចការនេះទាមទារការចំណាយពេលវេលា និងធនធានច្រើន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការសហប្រជាជាតិ បានរួមចំណែកសំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងការកសាងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ សម្តេចធិបតីបានរំឭកប្រាប់ដល់អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពីផលវិបាកនៃសង្គ្រាមដែលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក។ សម្ដេចសង្កត់ធ្ងន់ថា៖«សង្គ្រាមមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយនៅទីបំផុត មានតែការចរចា និងការរក្សាឱ្យបាននូវសន្តិភាពប៉ុណ្ណោះ ទើបជាកត្តាគន្លឹះដ៏សំខាន់បំផុត»។

ប្រមុខដឹកនាំកម្ពុជា បានជម្រាបជូនអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ដោយសម្ដេចគូសបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។ សម្តេចធិបតី និងលោកស្រីអគ្គលេខាធិការរង UN ក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន និងបានឯកភាពគ្នាអំពីសារសំខាន់ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដោយគោរពតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។ ឆ្លៀតឱកាសនោះ លោកស្រីអគ្គលេខាធិការរង បានកោតសរសើរពីសមត្ថភាព និងបទពិសោធរបស់កងកម្លាំងកម្ពុជា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងប្រតិបត្តិការរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសជាច្រើន ដែលការណ៍នេះបង្ហាញពីឆន្ទៈរបស់កម្ពុជា ក្នុងការចូលរួមថែរក្សាសន្តិភាព និងការចែករំលែកបទពិសោធដ៏ល្អនេះ ទៅកាន់ពិភពលោក៕




