អ្នកបុរាណវិទ្យា បន្តជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត
S
Sreyleak Yith
11 ម៉ោងមុន

ក្រុងសៀមរាប៖ ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ចំនួន២០ម៉ែត្រ កំពុងត្រូវបានក្រុមអ្នកជំនាញបន្តជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ។ នេះបើយោងតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅរសៀលថ្ងៃទី១៧កក្កដា ឆ្នាំ២០២៦...។

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា លោកស្រី នង បូរ៉ាវី បានឱ្យដឹងថា ការជួសជុសច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រនេះ ជាដំណាក់កាលទី៩ហើយ ខណៈគម្រោងបានចាប់ផ្តើមពីឆ្នាំ២០១៣មកម្ល៉េះ។ ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរា នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាល ដោយក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ គិតមកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន១៨៣ម៉ែត្រហើយ។ ស្ថានភាពនៃការខូចខាត​ច្រាំងកសិន្ធុ បណ្ដាលមកពីអាយុកាល ប្រទេសមានសង្រ្គាមនាំឱ្យខ្វះការថែទាំ ធ្វើឱ្យគ្រឹះខាងក្រោមខូចខាត ថ្មនៅប៉ែកខាងលើរលុះស្រុតបាត់បង់រចនាសម្ព័ន្ធដើម។

បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា គូសរំលេចបន្ថែមថា រុក្ខជាតិ និងដើមឈើធំៗ ដុះតាមបណ្តោយច្រាំង ក៏ជាកត្តាបង្កហានិភ័យរុញ និងញែកថ្ម​ឱ្យខូចទម្រង់ដើមដែរ។ ចំពោះការជួសជុលអាជ្ញាធរជាតិអប្សរា បានរើថ្ម ជួសជុលថ្ម ធ្វើទំនប់ បុកបង្ហាប់ដី និងរៀបចំថ្មទៅតាមទម្រង់ដើមវិញ។ ច្រាំងកសិន្ធុនេះ មានកាំថ្មបាយក្រៀមខាងក្រោម៧កាំ និងថ្មភក់ចំនួន៣កាំ។ បុរាណវិទូរូបនេះ រំពឹងថា ក្រោយពេលជួសជុលរួចរាល់នឹងជួយលើកតម្លៃ​ច្រាំងកសិន្ធុ​​អង្គរវត្ត ឱ្យកាន់តែស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរចូលទៅអង្គុយទស្សនា ផ្តិតយករូបភាព​កាន់តែច្រើនបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត