មន្ត្រីជំនាញរកឃើញទីតាំងរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» តែបាត់ជនប្រព្រឹត្តបទល្មើស
S
Sreyleak Yith
12 ម៉ោងមុន

ក្រុងក្រចេះ៖ លោក គា ប៊ូ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ កាលពីថ្ងៃទី១៦កក្កដា បានដឹកនាំមន្រ្តីពាក់ព័ន្ធចុះពិនិត្យ ក៏ដូចជាបង្ក្រាបទីតាំងរុករករ៉ែមាសខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃ«ព្រៃឡង់» ក្រោយទទួលបានព័ត៌មានពីសកម្មភាពពីប្រជាពលរដ្ឋ ដែលសង្ស័យថា មានការរុករករ៉ែមាសខុសច្បាប់នៅទីនោះ...។

មន្ត្រីនៃមន្ទីរបរិស្ថាន បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានចុះដល់ចំណុចថ្មពួយ ស្ថិតក្នុងឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ បានប្រទះឃើញស្នាមជីកកកាយដីរុករករ៉ែមាសមួយកន្លែង។ យ៉ាងណា អាជ្ញាធរ មិនបានប្រទះឃើញជនសង្ស័យ នៅទីតាំងនោះឡើយ ដោយឃើញតែតង់កៅស៊ូមួយចំនួន ត្រូវបានប្រើប្រាស់ជារោងស្នាក់នៅប៉ុណ្ណោះ។ ក្រោយការពិនិត្យ សមត្ថកិច្ចបានរុះរើ និងកម្ទេចរោងស្នាក់នៅនោះចោលនៅនឹងកន្លែង ដើម្បីទប់ស្កាត់ការបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់តទៀត។ ជាមួយគ្នា មន្ត្រីឧទ្យានុរក្ស នឹងបន្តចុះល្បាត ស្រាវជ្រាវ និងអនុវត្តយ៉ាងម៉ឺងម៉ាត់លើបទល្មើសធនធានធម្មជាតិ គ្រប់រូបភាព នៅក្នុងដែនការពារ ដោយអនុវត្តតាមការណែនាំរបស់លោករដ្ឋមន្ត្រី និងគ្មានការលើកលែងជាដាច់ខាតចំពោះជនល្មើស។

សូមជ្រាបថា កាលពីពេលកន្លងទៅ ក្រសួងរ៉ែ និងថាមពល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលលួចធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ត្រូវបញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ និងចូលរួមជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកកាន់សមត្ថកិច្ចចុះបង្ក្រាបឱ្យបានទាន់ពេលវេលា។ យ៉ាងណា ក្រសួង​​បានបង្ហាញការប្ដេជ្ញាចិត្ត បញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ ដែលនាំមកនូវផលប្រយោជន៍ជាតិ៕ រាយការណ៍ដោយ៖ លោក SN

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត