អាល្លឺម៉ង់សម្លឹងឃើញកម្ពុជា ជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាព
S
Soriya Sou
15 កក្កដា 2026 10:15 AM

រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា លោក ស្ដេហ្វេន ម៉េសសឺរឺ (Stefan Messerer) បានលើកឡើងថា កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ និងបានគូសបញ្ជាក់ពីបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យសំខាន់ៗមួយចំនួនបន្ថែមទៀត…។

លោកឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានអញ្ជើញចូលជួបសម្ដែងការគួរសម និងជម្រាបលា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីរសៀលថ្ងៃទី១៤កក្កដា ឆ្នាំ២០២៦។ ក្នុងនោះ លោកបានគូសរំលេចថា ប្រទេសទាំងពីរ អាល្លឺម៉ង់-កម្ពុជា នៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ទាំងលើផ្នែកសេដ្ឋកិច្ច-ពាណិជ្ជកម្ម, វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម,​​ ជាពិសេស វិស័យទេសចរណ៍ ព្រោះលោកសម្លឹងឃើញថា៖«កម្ពុជាគឺជាគោលដៅទេសចរណ៍ដ៏មានសុវត្ថិភាពមួយ»។ លោក ស្ដេហ្វេន ម៉េសសឺរឺ សម្ដែងនូវការពេញចិត្តចំពោះភាពរីកចម្រើនជាលំដាប់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី អាល្លឺម៉ង់-កម្ពុជា។ លោកសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ គឺជាដៃគូពិភាក្សាបើកចំហ និងស្មោះត្រង់ចំពោះគ្នាទៅវិញទៅមក និង​អះអាងថា ទំនាក់ទំនងទ្វេភាគីនេះ នឹងនៅតែបន្តពូនជ្រំឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពចំពោះការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតថា កម្ពុជា និងអាល្លឺម៉ង់ នៅមានកាលានុវត្តភាពជាច្រើនក្នុងការជំរុញទំហំពាណិជ្ជកម្ម និងកិច្ចហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន​ នៃប្រទេស​ទាំងពីរ​។ ពាក់ព័ន្ធ​នឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម សម្តេចធិបតី បាន​គូសបញ្ជាក់ថា​ កម្ពុជា​-អាល្លឺម៉ង់​ នៅមានសក្តានុពលជាច្រើន ​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការជាមួយគ្នា។ សម្ដេចក៏បានជម្រាប​លោក​ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់​ ពីគោលនយោបាយ និងវិធានការគន្លឹះៗរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់ការរីកចម្រើនលើវិស័យនេះ ជាពិសេស ការជំរុញ ការកែច្នៃផលិតផលកសិកម្មយុទ្ធសាស្ត្រ រួមមាន៖ គ្រាប់ស្វាយចន្ទី និងស្រូវ​ អង្ករ​របស់កម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ សម្ដេចមានជំនឿថា កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-អាល្លឺម៉ង់ លើវិស័យសំខាន់ៗទាំងនេះ នឹងកាន់តែរីកចម្រើន​ខ្លាំងបន្ថែមទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត