អាល្លឺម៉ង់ ផ្ដល់ហិរញ្ញប្បទានសម្បទាន៥៥លានដុល្លារដល់កម្ពុជា ផ្គត់ផ្គង់ថាមពលអគ្គិសនីតាមតំបន់ជនបទ
S
Soriya Sou
21 វិច្ឆិកា 2025 05:04 AM

រាជធានីភ្នំពេញ៖ កម្ពុជា-អាល្លឺម៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួនពីរ និងកិច្ចព្រមព្រៀងដោយឡែក ដែលមានទឹកប្រាក់សរុបចំនួន៤៧,៥លានអឺរ៉ូ ស្មើនឹងប្រមាណ៥៥លានដុល្លារអាម៉េរិក សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីតាមតំបន់ជនបទនៅក្នុងប្រទេសកម្ពុជា…។

លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់៤៧,៥លានអឺរ៉ូដល់កម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងលោកស្រី Thao NGUYEN អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់៤៧,៥លានអឺរ៉ូដល់កម្ពុជា។

កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី ថាវ វៀន (Thao NGUYEN) អ្នកគ្រប់គ្រងប្រចាំប្រទេសកម្ពុជា ឡាវ និងវៀតណាម ប្រចាំការិយាល័យកណ្តាល នៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KIW) តំណាងរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កាលពីថ្ងៃទី១៩វិច្ឆិកា។ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងនៅយប់ថ្ងៃទី២០វិច្ឆិកា ឆ្នាំ២០២៥ថា ទឹកប្រាក់សរុបចំនួន៤៧,៥លានអឺរ៉ូ នឹងត្រូវបែងចែក៣០លានអឺរ៉ូ សម្រាប់អនុវត្តគម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ ចំណែកទឹកប្រាក់១៧,៥លានអឺរ៉ូ ទៀតសម្រាប់អនុវត្តគម្រោងនេះជំហានទី៣។

<br />

គម្រោងទាំងពីរជំហាននេះ មានទិសដៅធានាដល់ការផ្គត់ផ្គង់ថាមពលប្រកបដោយប្រសិទ្ធភាព និងនិរន្តភាពដល់បរិស្ថាន និងសង្គមនៅតាមតំបន់ជនបទ ក្នុងប្រទេសកម្ពុជា តាមរយៈការវិនិយោគទៅលើប្រព័ន្ធបញ្ជូន និងចែកចាយអគ្គិសនី។ តាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច ការវិនិយោគនេះ នឹងផ្តោតលើការពង្រីកបណ្តាញតង់ស្យុងមធ្យម២២ KV នៅតាមតំបន់ជុំវិញខេត្តសៀមរាប និងតាមតំបន់ជនបទនៅក្នុងខេត្តឧត្តរមានជ័យ, ខេត្តកំពង់ធំ, និងខេត្តព្រះវិហារ, ការសាងសង់ និងពង្រីកអនុស្ថានីយ, ព្រមទាំងការសាងសង់ខ្សែបញ្ជូនក្រោមដី និងប្រព័ន្ធអាគុយស្តុកថាមពល។ ពិធីចុះកិច្ចព្រមព្រៀងនេះដែរ លោកឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានផ្តល់ហិរញ្ញប្បទានដ៏ថ្លៃថ្លា ក្នុងការរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា។

<br />

ជាក់ស្តែង គម្រោងប្រសិទ្ធភាពថាមពលសម្រាប់ការផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជំហានទី២ និងជំហានទី៣ ដែលត្រូវបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានរួចហើយ បានឆ្លើយតបនឹងតម្រូវការអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យថាមពលសំដៅរក្សាលំនឹងថ្លៃ និងពិនិត្យលទ្ធភាពបញ្ចុះថ្លៃអគ្គិសនី ព្រមទាំងធានាភាពគ្រប់គ្រាន់ និងស្ថិរភាព នៃការផ្គត់ផ្គង់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងកសិកម្ម ជំរុញការប្រើប្រាស់ថាមពលក៏កើតឡើងវិញ និងអនុវត្តកម្មវិធីប្រសិទ្ធភាពថាមពលឱ្យអស់សក្តានុពល ដើម្បីធានាបាននូវសន្តិសុខថាមពល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត