
ខេត្តសៀមរាប៖ នៅទីបំផុត សាលាដំបូងខេត្តសៀមរាប បានសម្រេចព្យូរទោស និងដោះលែងយោធាឈ្មោះ ជន់ ជួន ឱ្យមានសេរីភាពឡើងវិញ។ លោក ត្រូវបានឃាត់ខ្លួន ដោយសារលោកឈប់គោយន្តលើផ្លូវដែលគ្មានភ្លើងបំភ្លឺ ហើយក៏មានក្មេងស្រី២នាក់អាយុក្រោម១៥ឆ្នាំ បានបើកម៉ូតូបុកពីក្រោយគោយន្តនោះ បណ្តាលឱ្យរងរបួស។ ហេតុការណ៍នេះ កើតឡើងនៅភូមិជ្រោយនាងងួន ឃុំជ្រោយនាងពួន ស្រុកស្រីស្នំ ខេត្តសៀមរាប កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

សាលាដំបូងខេត្តសៀមរាប បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ដែលមានជនជាប់ចោទ ឈ្មោះ ជន់ ជួន ហើយសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់រយៈពេល១ឆ្នាំ តែត្រូវអនុវត្តទោសក្នុងពន្ធនាគារត្រឹមតែរយៈពេល៥ថ្ងៃប៉ុណ្ណោះ។ ចំពោះទោសដែលនៅសល់ ត្រូវព្យួរ (មានន័យថា មិនស្ថិតក្នុងពន្ធនាគារ)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប ចេញនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។ យោធិនរូបនេះ ត្រូវបានចោទពីបទបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្ដាលឱ្យរងរបួសអ្នកដទៃ តាមមាត្រា៨៣នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។






