
រាជធានីភ្នំពេញ៖ តាមរយៈ«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» លោក ហួត ហាក់ រដ្ឋមន្ត្រីទេសចរណ៍ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជនបន្តពង្រឹងគុណភាពសេវាកម្មទេសចរណ៍ សម្រាប់ទាក់ទាញភ្ញៀវទេសចរចូលទស្សនាកម្ពុជា ជាពិសេសទេសចរមូស្លីម…។

ថ្លែងក្នុងពិធីបើក«វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦» នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ហួត ហាក់ ណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យសិក្សារៀបចំគោលដៅទេសចរណ៍មូស្លីមតាមភូមិសាស្ត្រខ្លួន សំដៅជំរុញការទាក់ទាញទេសចរណ៍ ឱ្យបានកាន់តែទូលំទូលាយ និងកាន់តែល្អប្រសើរ។ ទន្ទឹមគ្នានេះ លោករដ្ឋមន្ត្រី អំពាវនាវដល់វិស័យឯកជនក្នុងវិស័យទេសចរណ៍ថា៖«ខ្ញុំសូមស្នើអាជីវកម្មទេសចរណ៍ទាំងអស់ សូមបន្តពង្រឹងគុណភាពសេវាកម្មរបស់ខ្លួនឱ្យកាន់តែមានគុណភាពល្អប្រសើរឡើងជាលំដាប់ ហើយនឹងសូមពិនិត្យលទ្ធភាព បញ្ចូលសម្បទានគ្រប់គ្រាន់ ក្នុងការទទួលទេសចរណ៍មូស្លីម ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវកាលបៃតង»។

លោករដ្ឋមន្ត្រី បញ្ជាក់ថា វេទិកានេះ មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ ទំនុកចិត្ត និងការទទួលបដិសណ្ឋារកិច្ចដ៏ល្អប្រសើរសម្រាប់ភ្ញៀវគ្រប់ជាតិសាសន៍ និងគ្រប់សាសនា។ លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា វេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៦ នឹងរួមចំណែកជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយបណ្តាប្រទេសនានា ព្រមទាំងបញ្ជាក់ឱ្យពិភពលោកបានឃើញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្ដៅ និងទំនុកចិត្ត៕











