កម្ពុជា-ចិន បិទបញ្ចប់«គម្រោងបោសសម្អាតមី.ន»ដោយជោគជ័យនៅស្រុករមាសហែក
អុន សម្ផស្ស
6 ម៉ោងមុន

ខេត្តស្វាយរៀង៖ គម្រោង«កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» នៅស្រុករមាសហែក ខេត្តស្វាយរៀងត្រូវបានប្រកាសបិទបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា និងលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន...។ 

លោក លី ធុជ ចាត់ទុកសន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ ហើយសកម្មភាពមីន គឺជាបេសកកម្មមនុស្សធម៌ដ៏សំខាន់ ក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋ និងប្រែក្លាយដីដែលរងផលប៉ះពាល់ដោយសង្គ្រាម ឱ្យទៅជាដីមានសុវត្ថិភាពសម្រាប់ការរស់នៅ ការបង្កបង្កើនផល និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ជាមួយគ្នា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានបន្តគាំទ្រកម្ពុជាលើគ្រប់វិស័យ ជាពិសេសវិស័យសកម្មភាពមីនមនុស្សធម៌។ លោកសង្កត់ធ្ងន់ថា៖«ការគាំទ្រនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យកម្ពុជាឆ្ពោះទៅរកគោលដៅគ្មានគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ»។ 

លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន
លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន

លោកទេសរដ្ឋមន្ត្រី បន្តថា គម្រោង«កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងសម្រាប់សកម្មភាពមីន» បានបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ដោយគ្រាប់មីនជាង៣លានម៉ែត្រការ៉េ និងប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ដោយសុវត្ថិភាព សម្រាប់ការបង្កបង្កើនផល និងការអភិវឌ្ឍ។ គម្រោងនេះក៏បានរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ បង្កើនការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។ លោកបន្ថែមថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាដៃគូ ជាពិសេសប្រទេសចិន ដើម្បីជំរុញការងារបោសសម្អាតមីន និងការអភិវឌ្ឍមនុស្សធម៌ ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការកសាងសង្គមប្រកបដោយសន្តិភាព សុវត្ថិភាព និងវិបុលភាព៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត