តួកគី​នឹងបើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញគ្រប់វិស័យទ្វេភាគី
SoKeng
25 សីហា 2022 04:00 PM

(រាជធានីភ្នំពេញ)៖ លោកជំទាវ យ៊ូលគូ កូឃ៉េហ្វេ(Ulku Kocaefe) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគីប្រចាំកម្ពុជា បានអញ្ចើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៥ ខែសីហា។ ក្នុងជំនួបទ្វេភាគីនោះ លោកជំទាវបានប្រាប់សម្តេចតេជោថា​ ប្រទេសតួកគី នឹងបើកការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ប្រចាំកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក។

លោកជំទាវ ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋតួកគី ប្រចាំកម្ពុជា បានបេ្តជ្ញាចិត្តថា បេសកកម្មរបស់លោកជំទាវ នៅកម្ពុជា ទៅមុខទៀតនេះ គឺដើម្បីពង្រីក និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរផង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផង និងមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។ លោកជំទាវ យ៊ូលគូ កូឃ៉េហ្វេ បានបន្តថា ប្រទេសទាំងពីរ នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខាហើយ ដូច្នេះលោកជំទាវនឹងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរជូនចំពោះលោកជំទាវ យ៊ូលគូ កូឃ៉េហ្វេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់សាធារណរដ្ឋតួកគីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។

សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះលោកជំទាវផងដែរ ដែលបាននាំនូវការសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី ជូនចំពោះសម្ដេច ហើយសម្ដេច បានយល់ស្របជាមួយលោកជំទាវ ដែលថាប្រទេសទាំងពីរ នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ បានស្វាគមន៍ការិយាល័យពាណិជ្ជកម្មនៅស្ថានទូតតួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត