
រដ្ឋធានីប៉ារីស៖ មេដឹកនាំនៃបណ្តាប្រទេសក្រុមអ្នកមានទាំង៧ (ឬ G7) បានជួបប្រជុំគ្នាក្នុងប្រទេសបារាំង នាថ្ងៃចន្ទទី១៥ ខែមិថុនា ពោលគឺភ្លាមៗបន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ ប្រកាសថា បានឈានដល់កិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់សង្គ្រាមរវាងប្រទេសទាំង២។

បញ្ហាអ៊ីរ៉ង់ នឹងក្លាយជាប្រធានបទក្ដៅមួយក្នុងចំណោមប្រធានបទជាច្រើន ដែលមេដឹកនាំពិភពលោកត្រូវដោះស្រាយក្នុងកំលុងកិច្ចប្រជុំកំពូលថ្ងៃទី១៥-១៧ ខែមិថុនានេះ។ ក្រៅពីនេះ កិច្ចប្រជុំក៏នឹងស្វែងរកចំណុចរួមជុំវិញសង្គ្រាមនៅអ៊ុយក្រែន ការដោះស្រាយអតុល្យភាពសេដ្ឋកិច្ចសកល និងការស្វែងរកប្រភពរ៉ែសំខាន់ៗ។ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នឹងធ្វើដំណើរទៅដល់ទីក្រុងអេវ្យង់-ឡេ-បាំង (Evian-les-Bains) នៅថ្ងៃចន្ទទី១៥ ខែមិថុនានេះ ដើម្បីចូលរួមជួបប្រជុំគ្នា ចំពេលមេដឹកនាំពិភពលោកកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសហរដ្ឋអាម៉េរិក។

ជាក់ស្តែង មេដឹកនាំ G7 ជាច្រើន បានរងផលប៉ះពាល់ផ្ទាល់ពីចំណាត់ការប្រែប្រួលរបស់លោក ត្រាំ លើឆាកអន្តរជាតិ ដូចជា ពាណិជ្ជកម្មសកល និងវិស័យការទូត។ សកម្មភាពរបស់លោក បាននាំឱ្យមានសំណួរធំៗជាច្រើនអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិក ចំពោះសណ្តាប់ធ្នាប់សកលក្រោយសម័យសង្គ្រាម ដែលខ្លួនធ្លាប់បានជួយបង្កើតឡើង។ ក្នុងកំលុងកិច្ចប្រជុំកំពូលនេះ លោក ត្រាំ នឹងជួបពិភាក្សាជាមួយមេដឹកនាំក្នុងតំបន់មជ្ឈិមបូព៌ា និងចូលរួមកិច្ចប្រជុំការងារជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ផងដែរ ចំពេលជំនួយហិរញ្ញវត្ថុយោធាបន្ថែមមានភាពយឺតយ៉ាវ។ គួរបញ្ជាក់ថា ប្រេស៊ីល ឥណ្ឌា កេនយ៉ា និងកូរ៉េខាងត្បូង ក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចពិភាក្សារបស់ក្រុម G7 នេះដែរ៕




