បោសសម្អាតបទល្មើសអនឡាញស្កេម កម្ពុជាចាប់ជនបរទេស៣០ម៉ឺននាក់បញ្ជូនចេញនិងអនុវត្តទោស ហើយដកតំណែងមន្ត្រីពាក់ព័ន្ធ
អុន សម្ផស្ស
9 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបជាមួយ លោក ប៉េដ្រូ ហ្ស្វាឡេន (Pedro ZWAHLEN) ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីរសៀលថ្ងៃទី២៧ឧសភា បានជជែកពិភាក្សាអំពី កិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅកម្ពុជា...។

លោកឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍ប្រាប់ឯកអគ្គរដ្ឋទូតស្វីសថា សមត្ថកិច្ចកម្ពុជាបានបោសសម្អាតបទល្មើសជាលក្ខណៈទ្រង់ទ្រាយធំ ច្រើនកន្លែង ហើយមកដល់ពេលនេះ មានជនបរទេសប្រមាណ៣០ម៉ឺននាក់ ត្រូវបានឃាត់ខ្លួន អនុវត្តនីតិវិធីបណ្ដេញចេញ និងចាកចេញដោយស្ម័គ្រចិត្ត ខណៈមេខ្លោងមួយចំនួនធំ ត្រូវចាប់ខ្លួនបញ្ជូនចេញ និងមួយចំនួនទៀតកំពុងអនុវត្តទោស។ ជាមួយគ្នា លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា៖«រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់វិធានការ វះកាត់មន្ត្រីពាក់ព័ន្ធជាអាទិ៍ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ដក និងផ្លាស់ប្ដូរមុខតំណែង»។ ទោះជាយ៉ាងណា ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ប្រាប់លោកទូតថា ក៏នៅមានជនល្មើសសេសសល់មួយចំនួន បានសម្ងំធ្វើសកម្មភាពជាទ្រង់ទ្រាយតូច ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ តាមអនុក្រឹត្យលេខ០៣ និងច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ 

ចំពោះមុខការលើកឡើងនេះ លោក ប៉េដ្រូ ហ្ស្វាឡេន ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស មានប្រសាសន៍កោតសរសើរ និងផ្ដល់ការលើកទឹកចិត្តខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងនិយាយដោយឡែកចំពោះក្រសួងមហាផ្ទៃ ដែលបាននិងកំពុងអនុវត្តការប្ដេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។ លោកឯកអគ្គរដ្ឋទូត បានថ្លែងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពិតជាមានភាពស្មុគស្មាញ និងមានភាពប្រទាក់ក្រឡា។ ក្នុងន័យនេះ លោក បង្ហាញការទទួលស្គាល់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃថា ពិតជាកំពុងជម្នះលើការលំបាក ពីព្រោះលោកផ្ទាល់ ក៏ពិបាកស្រមៃដែរថា នឹងត្រូវធ្វើកិច្ចការអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានេះ។ 

គួរជ្រាបថា ក្រៅតែពីពិភាក្សាប្រធានបទខាងលើ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានជជែកគ្នា​ ពាក់ព័ន្ធជម្លោះព្រំដែនកម្ពុជា-ថៃ។ ក្នុងនោះ កម្ពុជា បានស្នើស្វីសបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាព ជាពិសេស គាំទ្រយន្តការដោះស្រាយជម្លោះកម្ពុជា-ថៃ ដោយសន្តិវិធី។ ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះប្រកបដោយសន្តិវិធី និងបង្ហាញការសោកស្ដាយដែលកម្ពុជា-ថៃ មានជម្លោះព្រំដែនរហូតឈានដល់ការប្រើប្រាស់អាវុធ។ ទន្ទឹមគ្នានេះ លោកទូតអះអាងថា ស្វីសនឹងបន្តតាមដានកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងផ្ដល់ការលើកទឹកចិត្តខ្ពស់ ដល់ការប្រើប្រាស់យន្តការដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត