
រាជធានីភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនៃសហព័ន្ធស្វីស និងរដ្ឋមន្ត្រីនៃរដ្ឋបាវ៉ារីយ៉ា ទទួលបន្ទុកកិច្ចការអឺរ៉ុបនិងអន្តរជាតិ ព្រមទាំងបណ្តាក្រសួង-ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធមួយចំនួនរបស់សហព័ន្ធស្វីស និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់របស់គណៈប្រតិភូជាន់ខ្ពស់ ចាប់ពីថ្ងៃទី២០ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ភាគីកម្ពុជាបានពិភាក្សា និងផ្លាស់ប្ដូរយោបល់ជាមួយភាគីស្វីស និងអាល្លឺម៉ង់លើការពង្រឹងនិងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ក្នុងនោះបានផ្លាស់ប្ដូរបទពិសោធលើការអភិវឌ្ឍវិស័យសំខាន់ៗ រួមមាន៖ ជាអាទិ៍ អភិបាលកិច្ច សុខាភិបាល អប់រំ កសិកម្ម ការបណ្តុះបណ្តាលនគរបាល ការងារគ្រប់គ្រងពន្ធនាគារ និងការគ្រប់គ្រងរដ្ឋបាលនៅគ្រប់ជាន់ថ្នាក់។ នៅក្នុងកិច្ចជំនួបជាមួយភាគីស្វីស ភាគីកម្ពុជាក៏បានថ្លែងអំណរគុណដល់សហព័ន្ធស្វីស ដែលបានផ្តួចផ្តើមបង្កើត មន្ទីរពេទ្យគន្ធបុប្ផា និងបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា រហូតមកទល់បច្ចុប្បន្ន ដើម្បីឱ្យមន្ទីរពេទ្យនេះអាចបន្ត និរន្តភាពការផ្ដល់សេវាព្យាបាលដល់កុមារនៅកម្ពុជា។ ក្នុងសេចក្ដីប្រកាសនេះបានគូសបញ្ជាក់ដែរថា៖ «ភាគីស្វីសក៏បានបង្ហាញឆន្ទៈ និងទទួលយកសំណូមពរក្នុងការបន្តគាំទ្រដល់ដំណើរការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា ការពង្រឹងសមត្ថភាពមន្ត្រីនគរបាល និងអ្នកអនុវត្តច្បាប់នៅកម្ពុជា ជាពិសេសពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការសម្អាតប្រាក់ ក៏ដូចជាសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ព្រមទាំងការពង្រឹងសមត្ថភារាដល់មន្ត្រីនៅស្ថាប័នក្រោមជាតិ»។

យ៉ាងណាមិញ ក្រៅពីជំនួបនៃកិច្ចពិភាក្សាខាងលើ គណៈប្រតិភូជាន់ខ្ពស់បានចូលរួមស្តាប់បទបង្ហាញ និងអញ្ជើញ ទស្សនកិច្ចសិក្សាអំពីប្រព័ន្ធរដ្ឋបាលនៅថ្នាក់រដ្ឋសហព័ន្ធ ថ្នាក់ក្រុង និងថ្នាក់ឃុំ នៃសហព័ន្ធស៊ីស និងសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ដើម្បីស្វែងយល់អំពីការគ្រប់គ្រង ការរៀបចំ ការប្រព្រឹត្តទៅនៃដំណើរការរដ្ឋបាលនៅក្នុង។ ប្រទេសទាំងពីរ រួមមាន រចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រង សិទ្ធិអំណាច មុខងារដែលថ្នាក់រដ្ឋបាលនីមួយៗទទួល ខុសត្រូវ រួមទាំងការរៀបចំផែនការអភិវឌ្ឍ និងថវិកា ការប្រមូលពន្ធ ការបង្ការ ការពារ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះអគ្គីភ័យ គ្រោះមហន្តរាយ និងស្ថានភាពអាសន្ន ការបង្ការ និងទប់ស្កាត់បទល្មើស និងការផ្ដល់សេវា ចាំបាច់នានា ដូចជា សេវាអប់រំ សេវារដ្ឋបាល សេវាសុខាភិបាល សេវាសន្តិសុខ និងសេវាសង្គមផ្សេងទៀត សំដៅធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ៕











