
ខេត្តស្វាយរៀង៖ កម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានធ្វើការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០៦នាក់ក្នុងចំណោមបក្ខពួក១០នាក់ ហើយបានបញ្ចូនទៅតុលាការខេត្ដស្វាយរៀង ខណៈដែលពួកគេបានធ្វើសកម្មភាពដេញវ៉ៃគ្នាទៅវិញទៅមក និងបានយកដុះថ្មគប់មកលើសមត្ថកិច្ច កាលពីថ្ងៃទី១១ធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិចក ឃុំកំពង់ចក ស្រុករំដួល ខេត្ដស្វាយរៀង...។

យោងតាមសមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោង១២ៈ៥៤នាទីរំលងអធ្រាតឈានចូលថៃ្ងទី១១ធ្នូ ឆ្នាំ២០២៣ មានករណីក្មេងទំនើងចំនួនពីរក្រុម ប្រដាប់ដោយកាំបិត ផ្គាក់ និងដុំថ្ម ដេញកាប់គ្នាប្រសេចប្រសាចពេញដងផ្លូវនៅត្រង់ចំណុចភូមិចក ឃុំកំពង់ចក ស្រុករំដួល ភ្លាមៗសមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងដេញចាប់ឃាត់បំបែកពួកគេ ប៉ុន្តែក្រុមក្មេងទំនើងទាំងនោះ បានយកដុំឥដ្ឋគប់មកលើសមត្ថកិច្ចដែលស្ទាក់នៅពីខាងមុខត្រូវចំឈ្មោះ ភី សំអ៊ែល ភេទប្រុស តួនាទីនាយរងប៉ុស្តិ៍ស្វាយចេក ត្រូវចំថ្គាមផ្នែកខាងឆ្វេងបណ្តាលឱ្យរងរបួសធ្ងន់ ហើយក្រុមក្មេងទំនើងទាំងនោះ ក៏បានផ្តួលម៉ូតូរត់គេចខ្លួនបាត់ និងបានបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន៖ ម៉ូតូចំនួន០២គ្រឿង, ម៉ាក ហុងដា C១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១k.១២៧៩ និងម៉ាកហុងដា C១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១L.0៥៥២ កាំបិតផ្គាក់១ដើម ដុំថ្ម១ដុំ និងស្បែកជើង៣គូ។

បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៦នាក់ ត្រូវបានសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុករំដួល កសាងសំណុំរឿងនិងបញ្ខូនទៅតុលាការខេត្ដស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំពោះជនសង្ស័យចំនួន៤នាក់ទៀត ដែលបានរត់គេចខ្លួននោះ សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់បន្ដ...៕





