«គ្រាប់កាំភ្លើងសៀមផ្ទុះឡើងថ្ងៃ២៨ឧសភា» ធ្វើឱ្យកម្ពុជាចងចាំតជំនាន់ រួមគ្នាពង្រឹងសាមគ្គីជាតិ ប្រឹងអភិវឌ្ឍខ្លួន ធ្វើកំណែទម្រង់ឱ្យខ្លាំង
Mao Sopha
9 ម៉ោងមុន

បទវិចារណកថា៖ ថ្ងៃ២៨ឧសភា ជាថ្ងៃជាតិខ្មែរមានស្នាមរបួស​មិនអាចលុបបំបាត់បាន។ គ្រាន់តែថ្ងៃនេះមកដល់ ម្នាក់ៗនាំគ្នាបង្ហោះ និងចែករំលែកលើបណ្តាញសង្គមយ៉ាងព្រោងព្រាត ដើម្បីរម្លឹក និងដាស់តឿនគ្នាឱ្យចងចាំអំពីព្រឹត្តិការណ៍ដែលកើតឡើងទាំងព្រឹកព្រលឹមក្នុងថ្ងៃនេះ កាលពីឆ្នាំ២០២៥ នៅតំបន់មុំបី ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា នោះគឺការផ្តើមបាញ់ប្រហារមុនពីសំណាក់យោធាថៃ។ កងទ័ពយើងម្នាក់ គឺលោក សួន រ៉ោន បានបាត់បង់ជីវិតមុនគេ ក្នុងការបាញ់ប្រហារនេះ។    

«លោកជាវីរបុរស ជាវីរកងទ័ព» ជាពាក្យខ្ពង់ខ្ពស់ និងប្រកបដោយកិត្តិយសបំផុត ដែលលោក សួន រ៉ោន ទទួលបានពីប្រជាជនខ្មែរ បន្ទាប់ពីលោកពលីជីវិតដើម្បីការពារទឹកដី។ ប្រជាជនខ្មែរ ថែមទាំងផ្តាំទៅវិញ្ញាណក្ខន្ធលោក សួន រ៉ោន ទៀតថា «នឹងចងចាំវីរភាពលោកជានិច្ច» ហើយអ្វីដែលថៃធ្វើដាក់កម្ពុជា «ក៏គ្មានថ្ងៃភ្លេចដែរ»។ ការផ្ទុះអាវុធនៅតំបន់មុំបី ជាចំណុចចាប់ផ្តើមនៃជម្លោះដ៏ខ្លាំក្លារវាងកម្ពុជា-ថៃ រហូតដល់ផ្ទុះសង្គ្រាមជាមួយគ្នាដល់ទៅ២លើកនៅឆ្នាំ២០២៥ និងបិទព្រំដែនជាមួយគ្នារហូតមកដល់បច្ចុប្បន្ន។ កងទ័ពកម្ពុជា ដែលតស៊ូប្រយុទ្ធក្នុងសង្គ្រាម និងបន្តឈរជើងការពារទឹកដីនៅជួរមុខ សុទ្ធតែក្លាយជាវីរបុរស និងវីរកងទ័ពក្នុងចិត្តប្រជាជន។  

ផ្ទុះអាវុធនៅតំបន់មុំបី សង្គ្រាមទាំង២លើក បិទព្រំដែនទាំងស្រុង គេមើលឃើញថា អ្វីទាំងអស់នេះ សុទ្ធតែថៃជាអ្នកបង្កឡើងមុន។ សូម្បីចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមជាមួយគ្នាហើយក្ដី តែយោធាថៃនៅតែបន្តសកម្មភាពឈ្លានពានដដែល ដូចជា ស្រាស់បន្លាលួស ដាក់ពង្រាងទូកុងតឺន័រ ឈរជើងជើងកាន់កាប់លើតំបន់នានារបស់កម្ពុជានៅតាមព្រំដែន ហើយថែមទាំងឧស្សាហ៍បំផ្ទុះអាវុធជាញឹកញាប់ថែមទៀត។

ដើម្បីចូលរួមការពារទឹកដី ប្រជាជនខ្មែរ បានបង្ហាញការសាមគ្គី និងនាំគ្នាធ្វើចលនាជួយវីរកងទ័ពតាមគ្រប់មធ្យោបាយ រាប់ចាប់តាំងពីស្បៀងអាហារ។ សូម្បីឪពុកម្តាយ កូនប្រពន្ធ​របស់វីរកងទ័ព ក៏ទទួលបានជំនួយពីសប្បុរសជនដែរ នៅពេលដឹងថា ពួកគាត់ជួបការលំបាកណាមួយ ខណៈវីរកងទ័ពកំពុងការពារទឹកដី មិនអាចមកជួយគ្រួសារបាន។ ជាមួយគ្នា កម្ពុជា ក៏ប្រឹងប្រែងបោសសម្អាតអ្វីដែលបង្កគ្រោះថ្នាក់ដល់សង្គមជាតិ និងធ្វើកំណែទម្រង់ជាហូរហែ ដើម្បីឱ្យមានភាពរឹងមាំ ក្នុងការការពារខ្លួនពីការឈ្លានពាន។   

ក្នុងចំណោមបញ្ហានានា អំពើឆបោកតាមអនឡាញ គឺជាបញ្ហាចាក់ស្រែះមួយ ដែលរាជរដ្ឋាភិបាលកម្ពុជាតាំងចិត្តខ្ពស់ និងកំពុងធ្វើយុទ្ធនាការបង្ក្រាបឱ្យអស់ទាំងស្រុង។​ ចំណែកការធ្វើកំណែទម្រង់វិញ គឺរដ្ឋបានបង្កើតច្បាប់កាតព្វកិច្ចយោធា ដោយតម្រូវឱ្យកូនប្រុសអាយុពី១៨ដល់២៥ឆ្នាំ ចូលហ្វឹកហាត់យោធា២ឆ្នាំ គឺជាកំណែទម្រង់ដ៏សំខាន់មួយ ដើម្បីធ្វើឱ្យវិស័យការពារជាតិកាន់តែរឹងមាំ។

ស្រពេលជាមួយគ្នា រាជរដ្ឋាភិបាល ក៏កំពុងធ្វើកំណែទម្រង់ក្នុងក្រសួងការពារជាតិ និងក្នុងជួរកងទ័ពផ្ទាល់ផងដែរ គឺវិធីសាស្ដ្រ «បង្រួមក្បាល ពង្រីកខ្លួន» ដែលមានន័យថា ពង្រឹងសមត្ថភាព និងជំនាញនៅជួរក្រោមឱ្យខ្លាំង ហើយកាត់បន្ថយ ឬទប់ស្កាត់កុំឱ្យមានការប្រមូលផ្តុំគ្នានៅតែថ្នាក់លើ និងធំសំពីងសំពោងច្រើនស្អេកស្កះ តែមេធំៗមួយចំនួន បែរជាមិនធ្វើការ ចាំបើកតែប្រាក់ខែ។  

អំពើឈ្លានពានរបស់ថៃ ប្រជាជនខ្មែរ មិនត្រឹមតែចងចាំក្នុងចិត្តនាពេលបច្ចុប្បន្នទេ តែនឹងត្រូវកត់ត្រាទុកក្នុងប្រវត្តិសាស្ត្រ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានដឹង និងត្រូវប្រុងប្រយ័ត្នចំពោះប្រទេសជិតខាង ដែលមានសន្តានឈ្លានពានមួយនេះ។ យើងទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាល និងប្រជាជន ត្រូវសន្យាជាមួយដួងព្រលឹងបុព្វបុរស និងវីរកងទ័ពដែលពលីជីវិតថា «នឹងការពារទឹកដីឱ្យបាន»៕   

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត