បិទអាជីវកម្ម កាស៊ីណូ ខេអឹមអេច ផារ៉ាដាយ ថៅវឺ ក្រោយរកឃើញពាក់ព័ន្ធការឆបោកប្រាក់
ហាក់ អ៊ីឌី
11 ម៉ោងមុន

ក្រុងប៉ោយប៉ែត៖ កាស៊ីណូ និងសណ្ឋាគារ យីហោ ខេអឹមអេច ផារ៉ាដាយ ថៅវឺ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានអាជ្ញាធរបិទជាស្ថាពរ ក្រោយរកឃើញថា ទីតាំងខាងលើជាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់....។ 

យោងតាមរបាយការណ៍ពីអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ អគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានសហការជាមួយកងកម្លាំងចម្រុះខាងលើ ចុះត្រួតពិនិត្យទីតាំងកាស៊ីណូ ខេអឹមអេច ផារាដាយ ថៅវឺ ដោយរកឃើញថា ទីតាំងកាស៊ីណូមានជាប់ពាក់ព័ន្ធការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការធ្វើទារុណកម្ម និងការរក្សាទុកអាវុធខុសច្បាប់។ ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន៧នាក់ (ស្រីម្នាក់) ព្រមទាំងសម្ភារមួយចំនួន រួមមាន៖ ទូរសព្ទចម្រុះចំនួន១៧៦ គ្រឿង, កុំព្យូទ័រលើតុ (all in one) ចំនួន៩២គ្រឿង, Monitor ចំនួន៤៥គ្រឿង, CPU ចំនួន៤៥គ្រឿង, Laptop ចំនួន៣៩គ្រឿង និងឧបករណ៍មួយចំនួនទៀត។ ឧបករណ៍ និងសម្ភារពាក់ព័ន្ធទាំងអស់ត្រូវបានប្រមូលយកទៅពិនិត្យ និងស្រាវជ្រាវបន្ថែម ខណៈជនសង្ស័យត្រូវបានស៊ើបសួរ និងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។

ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ស្រាវជ្រាវ និងត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិចរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម, ក្រុមហ៊ុន ម៉ាយឆាន អ៊ិនធើធេនម៉ិន ឯ.ក ដែលមានកាស៊ីណូឈ្មោះ ខេអឹមអេច ផារាដាយ ថៅវឺ បានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលផ្ទុយនឹងសេចក្តីណែនាំលេខ០០៣/២៦ អ.គ.ល.ក. សណន ចុះថ្ងៃទី៩ ខែកុម្ភៈ គ.ស.២០២៦។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម, គ.ល.ក. សម្រេចដកហូតអាជ្ញាបណ្ណកាស៊ីណូ ខេអឹមអេច ផារាដាយ ចៅវឺ កាស៊ីណូ និងសណ្ឋាគារ លេខ ០៧៤ គ.ល.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលបានផ្ដល់ជូនក្រុមហ៊ុន ម៉ាយឆាន អ៊ិនធើធេនម៉ិន ឯ.ក ចាប់ពីពេលចេញសេចក្តីប្រកាសនេះតទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត