
អន្តរខេត្ត៖ អង្គការជីវិតធម្មជាតិនៅកម្ពុជា មន្ទីរបរិស្ថានខេត្តរតនគិរី និងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានសហការគ្នាសិក្សាស្រាវជ្រាវពីវត្តមានសត្វស្លាបព្រៃប្រភេទសត្វកម្រ និងកំពុងរងការគំរាមកំហែងជិតផុតពូជបំផុត ក្នុងដែនជម្រកសត្វព្រៃលំផាត់ រកឃើញសរុបកើនដល់ចំនួន៣០៨ប្រភេទហើយ…។

អង្គការជីវិតធម្មជាតិ នៅថ្ងៃទី២២ឧសភានេះ បានឱ្យដឹងថា ការសិក្សាថ្មីចុងក្រោយបានកត់ត្រាប្រភេទសត្វស្លាបចំនួន១៨២ប្រភេទ តាមរយៈការអង្កេតឃើញដោយផ្ទាល់។ ប្រភេទសត្វកម្រ និងកំពុងរងការគំរាមកំហែងត្រូវបានកត់ត្រាមានដូចជា សត្វត្រយងយក្ស សត្វត្រយងចង្កំ-កស សត្វត្មាតភ្លើង និងសត្វក្ងោកបៃតង។ ចំនួននេះមានការកើនឡើងពី២០២ ទៅ៣០៨ ក្នុងនោះមានប្រភេទសត្វចំនួន២២ប្រភេទ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វរងការគំរាមកំហែង រហូតដល់ជិតផុតពូជបំផុត ក្នុងបញ្ជីក្រហមអង្គការសហភាពអន្តរជាតិ សម្រាប់ការអភិរក្សធម្មជាតិ (IUCN Red List)។ ចាប់តាំងពីឆ្នាំ២០២៣ អង្គការជីវិតធម្មជាតិ បានអនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់ ដើម្បីការពារប្រភេទសត្វព្រៃសំខាន់ៗទាំងនេះ ព្រមទាំងធានាថា សហគមន៍មូលដ្ឋានទទួលបានផលប្រយោជន៍ប្រកបដោយសមធម៌។

អង្គការជីវិតធម្មជាតិ សូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារទីតាំង អនុវត្តគម្រោងឥណទានកាបូនដែនជម្រកសត្វព្រៃលំផាត់នេះ សម្រាប់ទុកដល់មនុស្សជំនាន់ក្រោយៗទៀត។ គួរជ្រាបថា លទ្ធផលនៃការសិក្សាសត្វស្លាបក្នុងដែនជម្រកសត្វព្រៃលំផាត់ គឺជាការស-បញ្ជាក់អំពីកិច្ចសហការល្អ ការប្តេជ្ញាចិត្តអនុវត្តសកម្មភាពរួមគ្នា របស់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន (ភាពស្អាត បៃតង ចីរភាព)។ បេសកកម្មនេះ មិនមែនត្រឹមតែការពារសត្វស្លាបប៉ុណ្ណោះទេ តែរួមបញ្ចូលទាំងការខិតខំប្រឹងប្រែងការពារ ថែរក្សាប្រព័ន្ធអេកូឡូស៊ីឱ្យមានសុខភាពល្អ និងធានាថា ទីជម្រកសត្វព្រៃធម្មជាតិ ព្រមទាំងផល-អនុផលធនធានធម្មជាតិ នឹងបន្តផ្ដល់ជាផលប្រយោជន៍ដល់ប្រជាសហគមន៍ ជាច្រើនឆ្នាំទៅមុខទៀត៕





