
ខេត្តព្រះសីហនុ៖ ជនជាតិចិន៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាចាប់ខ្លួន ក្រោយធ្វើសកម្មភាពចាប់ជំរិតទារប្រាក់ និងធ្វើទារុណកម្មជនជាតិចិនដូចគ្នាម្នាក់ នៅផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ.....។

ដោយមានការសម្របសម្រួលពីតំណាងអយ្យការ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បើកការស្រាវជ្រាវរហូតឈានដល់ការចាប់ខ្លួនជនល្មើសជនជាតិចិនទាំង៣នាក់ខាងលើ រួមទាំងជនជាតិខ្មែរម្នាក់ទៀត (មុខរបរជាអ្នកបើកថយន្ត)។ រីឯជនរងគ្រោះជាជនជាតិចិន បានរងរបួសពេញខ្លួនយ៉ាងធ្ងន់ធ្ងរ ដោយសារការធ្វើទារុណកម្ម មុននឹងកម្លាំងសមត្ថកិច្ច ទៅជួយរំដោះ។

តាមការស្រាវជ្រាវរបស់មន្ត្រីជំនាញ ក្រុមឧក្រិដ្ឋជន បានរៀបចំគម្រោងទុកជាមុន ព្រមទាំងមានអង្គការចាត់តាំងផងដែរ។ ក្នុងចំណោមក្រុមឧក្រិដ្ឋជនទាំងនោះ មានម្នាក់ជាមិត្ដភក្ដិរបស់ជនរងគ្រោះ ដោយដឹងពីស្ថានភាពររបស់ជនរងគ្រោះច្បាស់លាស់ និងបានរៀបចំសម្ភារធ្វើសកម្មភាព ដូចជា ខ្នោះដៃ វ៉ាលិស ឧបករណ៍ធ្វើទារុណកម្ម ជាដើម ជាពិសេសរថយន្ដ និងផ្ទះសម្រាប់ធ្វើសកម្មភាព (រថយន្ដ៣គ្រឿងទុកផ្លាស់ប្ដូរគ្នា)។ បន្ទាប់ពីរៀបចំគម្រោងរួចរាល់ ឧក្រិដ្ឋជនម្នាក់ ដែលជាមិត្ដភក្ដិរបស់ជនរងគ្រោះ ក៏បានហៅជនរងគ្រោះទៅកាស៊ីណូមួយកន្លែង ស្ថិតនៅម្ដុំតោពីរ ក្រុងព្រះសីហនុ។

បន្ទាប់ពីជនរងគ្រោះបានទៅដល់ ឧក្រិដ្ឋជនជាមិត្តភក្តិ ក៏បាននាំជនរងគ្រោះឡើងទៅជាន់ទី១ រួចក៏បានធ្វើសកម្មភាពចាប់ជនរងគ្រោះតែម្ដង ដោយក្រុមឧក្រិដ្ឋជនផ្សេងទៀត ក្លែងបន្លំធ្វើជាសមត្ថកិច្ចប៉ូលិសចិន ហើយនិយាយថា ជនរងគ្រោះបានប្រព្រឹត្ដបទល្មើស ដែលត្រូវចាប់ខ្លួន។ ពេលនោះ ក្រុមឧក្រិដ្ឋជន បានចាប់វាយខ្នោះដៃ និងចងជើងជនរងគ្រោះ ដាក់ចូលក្នុងវ៉ាលិសធំពណ៌ខ្មៅ រួចក៏រុញវ៉ាលិសនោះចេញពីកាស៊ីណូ សំដៅទៅផ្ទះវីឡា ដោយប្រើប្រាស់រថយន្ដចំនួន៣គ្រឿង ផ្លាស់ប្ដូរពីមួយទៅមួយ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងបានធ្វើទារុណកម្មជនរងគ្រោះ ជំរិតយកប្រាក់បានចំនួន៥ម៉ឺនដុល្លារ។ បច្ចុប្បន្ន ជនជាតិចិនទាំង៣នាក់ និងខ្មែរម្នាក់ ត្រូវបាននាំខ្លួនទៅកាន់ការិយាល័យជំនាញ ដើម្បីបន្តនិតីវិធីបញ្ជូនទៅតុលាការ៕






