«មន្រ្តីផ្លែទុរេន» តំណាងឱ្យមន្រ្តីដែលយ៉ាប់យ៉ឺន ពិនកុហក ទម្លាក់កំហុសឱ្យអ្នកដទៃ ឬមិនស្មោះត្រង់
អុន សម្ផស្ស
2 ម៉ោងមុន

ខេត្តព្រៃវែង៖ សម្តេចតេជោ ហ៊ុន សែន ​ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ឈប់ហៅមន្រ្តីគ្រាប់ល្ពៅទៀតហើយ ដោយប្តូរមកហៅមន្រ្តីផ្លែទុរេនវិញ។ សម្តេច មានប្រសាសន៍ថា មន្ត្រីគ្រាប់ល្ពៅ គ្រាន់តែស្ថិតក្នុងរឿងប្រឌិតប៉ុណ្ណោះ តែមន្ត្រីផ្លែទុរេន គឺជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ 

សម្ដេចតេជោ សម្រេចប្តូរពីការហៅមន្រ្តីគ្រាប់ល្ពៅ មកហៅមន្រ្តីផ្លែទុរេននេះ ក្នុងពីពិធីសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជន និងជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ សូមជម្រាបថា រឿងរ៉ាវ «មន្ត្រីផ្លែទុរេន» កើតឡើងបន្ទាប់ពីមានប្រធានក.ប.ប.ខេត្តបាត់ដំបង បានអះអាងនាពេលថ្មីៗនេះថា មិនមានផ្លែទុរេននាំចូលពីប្រទេសថៃនោះ តែតាមពិត ករណីនេះ គឺមានផ្លែទុរេននាំចូលពីថៃ ដោយស្រ្តីខ្មែរម្នាក់ឈ្មោះ អាឡែន។ សម្តេចតេជោ ហ៊ុន សែនហួសចិត្តយ៉ាងខ្លាំង និងស្នើសុំឱ្យដកតំណែងមន្ត្រីរូបនោះចោល ដើម្បីជាសារព្រមានដល់មន្ត្រីដទៃទៀត។ ក្រោយមក ក្រសួងពាណិជ្ជកម្ម ក៏បានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះមន្ត្រីរូបនោះចេញពីក្របខ័ណ្ឌមន្ត្រីរាជការតែម្តង។  

ពាក់ព័ន្ធនឹងប្រវត្តិរឿង «មន្ត្រីគ្រាប់ល្ពៅ» វិញ គឺជារឿងនិទានប្រៀនប្រដៅដែល សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានលើកយកមកនិទាននាពេលកន្លងមក គឺតាំងពីសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី។ រឿងនិទាន តំណាលថា ព្រះមហាក្សត្រ បានចែកគ្រាប់ល្ពៅស្ងោររួចដល់មន្ត្រី៤ប្រភេទ ឱ្យយកទៅដាំ ដើម្បីសាកល្បងរកមន្ត្រីណាស្មោះត្រង់ និងហ៊ាននិយាយការពិត។ មន្រ្តីប្រភេទទី១៖ បានទូលថា ល្ពៅនោះ មានផ្លែល្អណាស់ ហើយបានដឹកមកថ្វាយព្រះមហាក្សត្រ តែត្រូវកងការពារព្រះរាជវាំងមិនឱ្យដឹកចូល។ មន្រ្តីប្រភេទទី២៖ បានទូលថា ល្ពៅនោះ មានផ្លែល្អណាស់ តែអត់បានដឹកមកថ្វាយព្រះមហាក្សត្រទេ។ មន្រ្តីប្រភេទទី៣៖ បានទូលថា គ្រាប់ល្ពៅនោះ ត្រូវកណ្តុរស៊ីអស់ អត់បានដាំទេ។ មន្រ្តីប្រភេទទី៤៖ បានត្រង់ៗថា គ្រាន់ល្ពៅ ដែលស្តេចប្រទាន គឺជាគ្រាប់ល្ពៅស្ងោររួចហើយ តើដាំឱ្យដុះម្តេចកើត!..។

មន្រ្តីប្រភេទទី១ គឺជាមន្រ្តីដ៏គ្រោះថ្នាក់បំផុត មិនអាចទុកឱ្យនៅធ្វើការបាននោះទេ ព្រោះមិនត្រឹមតែមិនស្មោះត្រង់នោះទេ ថែមទាំងទម្លាក់កំហុសនាំគ្រោះថ្នាក់ដល់អ្នកដទៃថែមទៀត។ មន្រ្តីប្រភេទទី២ និងទី៣ មិនគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែកុហក និងដោះសាយករួចខ្លួន។ មន្រ្តីប្រភេទទី៤ ជាមន្រ្តីដែលព្រះមហាក្សត្រ សព្វព្រះទ័ពបំផុត ហើយត្រូវប្រឹងប្រែងបណ្ដុះបណ្ដាល ហ្វឹកហាត់ និងដំឡើងស័ក្តិបន្ថែម ព្រោះហ៊ាននិយាយពិត និយាយត្រង់។ សរុបមក មន្រ្តីគ្រាប់ល្ពៅ សំដៅលើមន្រ្តីគ្រាប់ល្ពៅប្រភេទី១ ទី២ និងទី៣ ពិសេសប្រភេទទី១តែម្តង។ មន្រ្តីគ្រាប់ល្ពៅ មានន័យស្មើនឹងមន្រ្តីដែលយ៉ាប់យ៉ឺន ពិនកុហក ទម្លាក់កំហុសឱ្យអ្នកដទៃ ឬមិនស្មោះត្រង់។ ពាក្យមន្រ្តីផ្លែទុរេន ដែលទើបនឹងបង្កើតឡើងដោយសម្តេចតេជោ ក៏មានន័យយ៉ាងដូច្នេះដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត