ខួប៨១ឆ្នាំ! មេដឹកនាំកម្ពុជាផ្ញើសារថា គុណតម្លៃមិនអាចកាត់ថ្លៃបានរបស់នគរបាល គឺចូលរួមការពារទឹកដីពីការឈ្លានពានរបស់ថៃ
អុន សម្ផស្ស
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍លើកទី៨១ នៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានផ្ញើលិខិតអបអរ និងភ្ជាប់ជាមួយការផ្តាំផ្ញើការសាកសួរសុខទុក្ខដល់មន្ត្រីនគរបាលការពារព្រំដែន ដែលកំពុងឈរជើងការពារខណ្ឌសីមាប្រកបដោយវីរភាពអង់អាចក្លាហាន ព្រមទាំងជូនពរមន្ត្រីនគរបាល ដែលមានជំងឺ ឬរងរបួសកំពុងសម្រាកព្យាបាល ឱ្យឆាប់ជាសះស្បើយឡើងវិញ។

សម្តេចធិបតី បញ្ជាក់ថា ក្រោមការដឹកនាំផ្ទាល់របស់ក្រសួងមហាផ្ទៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក កងកម្លាំងនគរបាលជាតិបានអភិវឌ្ឍខ្លួនឥតឈប់ឈរ សម្រេចបានស្នាដៃយ៉ាងច្រើន ដែលបង្ហាញពីតួនាទីជាកម្លាំងស្នូលមិនអាចខ្វះបាន ក្នុងការចូលរួមគាំទ្រជួយដល់រាជរដ្ឋាភិបាល តស៊ូលើសមរភូមិសន្តិសុខជាតិ និងបានរួមដំណើរជាមួយគ្នាដោយភក្ដីភាពនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ ដើម្បីស្តារការពារ និងកសាងប្រទេសជាតិ។ ប្រមុខរាជរដ្ឋាភិបាល សង្កត់ធ្ងន់ថា គុណតម្លៃដែលមិនអាចកាត់ថ្លៃបានរបស់កងកម្លាំងនគរបាល គឺការបំពេញបេសកកម្មការពារបូរណភាពទឹកដី ដែលទទួលរងការឈ្លានពានទាំងកំរោលដោយភាគីថៃ និងកិច្ចខិតខំប្រឹងប្រែងពង្រឹងស្ថានការណ៍សន្តិសុខលើផ្ទៃប្រទេស ឱ្យមានសុវត្ថិភាពទាំងស្រុង។  

ជាមួយគ្នា សម្តេចនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឪពុក ម្តាយ ឬអាណាព្យាបាលដែលបានអនុញ្ញាតឱ្យស្វាមី ភរិយា កូន ចៅ និងសមាជិកគ្រួសារចូលបម្រើក្នុងជួរកងកម្លាំងនគរបាលជាតិ ដោយបានគាំទ្រ និងបង្កលក្ខណសម្បត្តិគ្រប់បែបយ៉ាងដល់បេសកកម្មរបស់នគរបាលជាតិ តាំងពីដើមរៀងរហូតមក។ 

ទន្ទឹមនឹងនេះ សម្តេចមើលឃើញថា នៅឆ្នាំ២០២៦នេះ ក៏នៅមានបញ្ហាសេសសល់ និងការប្រឈមជាមួយប្រភេទបទល្មើសនានា ដែលទាមទារឱ្យកងកម្លាំងទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច និងម្ចាស់ការបំពេញការងារដោយប្រកាន់ខ្ជាប់វិន័យ សីលធម៌ គុណធម៌ មានមនសិកាវិជ្ជាជីវៈ និងរៀបចំផែនការប្រទាក់ក្រឡាត្រៀមសម្រាប់ដោះស្រាយសភាពការណ៍ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីធានាថា ប្រទេសកម្ពុជានៅតែបន្តស្ថិតក្នុងដំណើរវិវឌ្ឍន៍ទៅកាន់សេចក្ដីសុខ សេចក្ដីចម្រើនគ្រប់ទិសទី និងគ្រប់សហគមន៍។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតី ជឿជាក់យ៉ាងមុតមាំចំពោះមនសិការស្នេហាជាតិ  និងភក្ដីភាពរបស់កងកម្លាំងនគរបាលជាតិទូទាំងប្រទេស ហើយក៏លើកទឹកចិត្តដល់កងកម្លាំងទាំងអស់បន្តសកម្មភាព បង្កើតស្នាដៃ និងប្រែក្លាយការប្រឈមនានាឱ្យទៅជាថាមពល ដើម្បីពង្រឹងវិស័យសន្តិសុខជាតិ ដែលបម្រើឱ្យការអភិវឌ្ឍប្រទេសដោយចីរភាព។ ប្រមុខរាជរដ្ឋាភិបាល សម្ដែងការពេញចិត្ត និងបន្តជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារដល់កងកម្លាំងនគរបាលជាតិឱ្យកាន់តែរឹងមាំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត